(ញូដេលី)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថា រុស្ស៊ីនឹងបង្កើនការប្រើប្រាស់ រូបិយបណ្ណដែលមិនមែនជារបស់លោកខាងលិច ដើម្បីធ្វើពាណិជ្ជកម្មជាមួយប្រទេសមួយចំនួន ដូចជាប្រទេសឥណ្ឌា ខណៈលោកបានសរសើរ ទីក្រុងញូវដេលី (New Delhi) ជាមិត្តដែលមិនប្រកាន់យក «ទិដ្ឋភាពតែម្ខាង» លើសង្គ្រាមអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២។

លោក ឡាវរ៉ូវ បានបំពេញទស្សនកិច្ចនៅឥណ្ឌា ដើម្បីស្វែងរកការគាំទ្រពីប្រទេសមួយនេះដែលរុស្ស៊ីបានចាត់ទុកជាសម្ព័ន្ធមិត្តយូរមកហើយ ពោលគឺ រយៈពេលមួយថ្ងៃ បន្ទាប់ពីក្រុមមន្ត្រីអាមេរិក និងអង់គ្លេសបានដាក់សម្ពាធឱ្យឥណ្ឌា ចៀសវាងការបំផ្លាញប្រព័ន្ធហិរញ្ញវត្ថុផ្អែកលើប្រាក់ដុល្លា និងការដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការលុកលុយប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានមួយ ក្រោយជួបជាមួយសមភាគីឥណ្ឌាលោក ស៊ូប្រាម៉ានីយ៉ាម ចៃសានកា (Subrahmanyam Jaishankar) ថា «យើងជាមិត្តនឹងគ្នា»។ ឥណ្ឌាបានមើលឃើញវិបត្តិអ៊ុយក្រែននៅក្នុង «ទិដ្ឋភាពពិតទាំងស្រុង និងមិនមែន គ្រាន់តែក្នុងទិដ្ឋភាពតែមួយជ្រុងទេ»។ លោកបន្តថា ធនាគារកណ្តាលរុស្ស៊ីបានបង្កើតឡើងជាច្រើនឆ្នាំកន្លងមកហើយនូវប្រព័ន្ធសម្រាប់ការ ទំនាក់ទំនងព័ត៌មានហិរញ្ញវត្ថុ ហើយឥណ្ឌាក៏មានប្រព័ន្ធស្រដៀងគ្នានេះដែរ។

បើតាមលោក ឡាវរ៉ូវ វាច្បាស់ណាស់ថាប្រតិបត្តិការកាន់តែច្រើននឹងត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធនេះ ដោយប្រើរូបិយបណ្ណជាតិ ដោយចៀសវាង ការប្រើប្រាក់ដុល្លារ ប្រាក់អឺរ៉ូ និងរូបិយបណ្ណផ្សេងទៀត។ មួយវិញទៀត រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតដល់ឥណ្ឌា ហើយប្រទេសទាំងពីរនឹងប្រើ យន្ដការចាយប្រាក់រូពី និងរូបិ៍ ដើម្បីធ្វើពាណិជ្ជកម្មប្រេង បរិក្ខាយោធា និងទំនិញផ្សេងៗទៀត ដោយរុស្ស៊ីនឹងត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់ ទំនិញដែលឥណ្ឌាចង់ទិញ។

គួរបញ្ជាក់ថា ឥណ្ឌា និងចិន មិនបានថ្កោលទោស ឬដាក់ទណ្ឌកម្មលើរុស្ស៉ី ជុំវិញបញ្ហាសង្គ្រាមអ៊ុយក្រែននោះទេ ហើយលោក ឡាវរ៉ូវ ក៏បានធ្វើ ទស្សនកិច្ចទៅកាន់ប្រទេសចិនផងដែរក្នុងសប្តាហ៍នេះ ខណៈទីក្រុងប៉េកាំងបញ្ជាក់ថាខ្លួនមានការប្តេជ្ញាចិត្តកាន់តែខ្លាំង ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយរុស្ស៊ី៕