(ប៊ែរឡាំង)៖ កាសែតអាល្លឺម៉ង់ វែលអាំសុនថាគ (Welt am Sonntag) នៅថ្ងៃសៅរ៍នេះបានរាយការណ៍ថាទីក្រុងប៊ែរឡាំង កំពុងពិចារណាទិញ ប្រព័ន្ធខែលការពារមីស៊ីលពីសហរដ្ឋអាមេរិក ឬអ៉ីស្រាអែល ដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងណាមួយ ក្នុងនោះរួមមានទាំងមីស៊ីលរុស្ស៊ី អ៉ីស្កាន់ឌឺ (Iskander) ដែលត្រូវបានដំឡើងក្នុងតំបន់កាលីនីងហ្រ្គាត (Kaliningrad)។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២។

Welt am Sonntag ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការដកស្រង់សម្ដីពីប្រមុខការពារជាតិអាល្លឺម៉ង់ លោក អេប៊ែរហាដ ហ្សន (Eberhard Zorn) នៅក្នុងកិច្ចសម្ភាសន៍មួយ។ លោក Zorn បានលើកឡើងថា មីស៊ីលរុស្ស៊ី Iskander មានសមត្ថភាពវាយប្រហារស្ទើរតែគ្រប់ បណ្ដាប្រទេសអឺរ៉ុបខាងលិចទាំងអស់ ហើយមិនទាន់មានខែលការពារមីស៊ីល ដែលត្រូវបានដាក់ដំឡើងដើម្បីទប់ទល់នឹងមីស៊ីលប្រភេទនេះ ឡើយ។

លោកបន្ថែមដូច្នេះថា «អ៉ីស្រាអែល និងសហរដ្ឋអាមេរិក មានប្រព័ន្ធមីស៊ីលដែលអាចទប់ទល់នឹងមីស៊ីល Iskander។ ថាតើយើងចង់ទិញប្រព័ន្ធ មីស៊ីលពីប្រទេសណា? ថាតើយើងនឹងផលិត ឬដំឡើងប្រព័ន្ធមីស៊ីលនៅក្នុង NATO ទាំងមូលឬ? នេះជាសំណួរដែលយើងចាំបាច់ត្រូវតែឆ្លើយក្នុង ពេលឥលូវនេះ»

គួរបញ្ជាក់ថា លោក Eberhard Zorn មិនបានបញ្ជាក់ឈ្មោះប្រព័ន្ធខែលការពារមីស៊ីលដែលអាល្លឺម៉ង់ចង់ទិញនោះទេ ប៉ុន្តែប្រព័ន្ធមីស៊ីល អ៉ីស្រាអែល Arrow 3 របស់ក្រុមហ៊ុនអ៉ីស្រាអែល Israel Aerospace Industries និងប្រព័ន្ធមីស៊ីល THAAD ផលិតដោយក្រុមហ៊ុនអាមេរិក Raytheon អាចស្ថិតនៅក្នុងជម្រើសពិចារណាទិញ៕