(ព្រុចសែល)៖ ចិនបានផ្តល់ការធានាដល់សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រសប្តាហ៍នេះថា ខ្លួននឹងចូលរួមស្វែងរកសន្តិភាព ក្នុងប្រទេស អ៊ុយក្រែន ប៉ុន្តែអាស្រ័យលើលក្ខខណ្ឌផ្ទាល់ខ្លួន ដោយងាកចេញពីការដាក់សម្ពាធលើរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ឌែរ ឡេយិន (Ursula von der Leyen) បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរវាង EU-ចិន តាមប្រព័ន្ធអនឡាញជាលើកដំបូងចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០មក ថា «យើងអំពាវនាវឱ្យប្រទេសចិនជួយបញ្ចប់សង្រ្គាមនៅ អ៊ុយក្រែន, ចិនមិនអាចបិទភ្នែកមើលការរំលោភច្បាប់អន្តរជាតិរបស់រុស្ស៊ីបានទេ»

បើតាមទូរទស្សន៍រដ្ឋ CCTV, នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាំង (Li Keqiang) បានប្រាប់មេដឹកនាំសហភាពអឺរ៉ុបថា «ប្រទេសចិនតែងតែ ស្វែងរកសន្តិភាព និងជំរុញការចរចា ហើយមានឆន្ទៈបន្តដើរតួនាទីស្ថាបនាជាមួយសហគមន៍អន្តរជាតិ។ ទីក្រុងប៉េកាំង នឹងជំរុញឱ្យមាន សន្តិភាពតាម «វិធី ឬមធ្យោបាយផ្ទាល់ខ្លួន» ខណៈប្រធានាធិបតី លោក ស៊ី ជិនពីង សង្ឃឹមថា EU នឹងយល់ស្របលើការសម្រេចចិត្តដោយ ឯករាជ្យរបស់ប្រទេសចិន។

គួរបញ្ជាក់ថា កន្លងទៅ, សហភាពអឺរ៉ុបបានប្រាប់ទីក្រុងប៉េកាំង កុំលូកដៃជួយដល់ទីក្រុងមូស្គូឱ្យរួចផុតពីទណ្ឌកម្ម របស់លោកខាងលិច ដែលបានដាក់ជាការឆ្លើយតបនឹងអ្វីដែលលោកខាងលិចហៅថា ជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ចិនបានផ្តល់ជំនួយមនុស្សធម៌ ជាច្រើនដល់អ៊ុយក្រែន តែជាមួយគ្នាបដិសេធមិនថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ឬមិនហៅសកម្មភាពនោះថាជាការឈ្លានពាន ហើយបានរិះគន់ម្តងហើយម្តងទៀតចំពោះអ្វីដែលខ្លួនហៅថាទណ្ឌកម្មខុសច្បាប់ និងឯកតោភាគីរបស់លោកខាងលិច៕