(ឌូបៃ)៖ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ភាគីជម្លោះក្នុងប្រទេសយេម៉ែន បានយល់ព្រមលើបទឈប់បាញ់រយៈពេលពីរខែ ដែលនឹងចូល ជាធរមាននៅថ្ងៃសៅរ៍នេះតទៅ ចំថ្ងៃដំបូងនៃបុណ្យរ៉ាម៉ាឌនរបស់ប្រជាជនម៉ូស្លីម និងបានព្រមព្រៀងលើការដឹកជញ្ជូនប្រេងឥន្ធនៈ ក៏ដូចជា បើកអាកាសយានដ្ឋានសាណាឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការយេម៉ែន លោក ហាន់ ហ្រ្កូនបឺគ (Hans Grundberg) បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា «ភាគីជម្លោះបានឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំរបស់អង្គការសហប្រជាជាតិ សម្រាប់បទឈប់បាញ់រយៈពេល ២ខែ ដែលចូលជាធរមាននៅថ្ងៃទី០២ ខែមេសានេះ (ម៉ោងក្នុងតំបន់)។

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «បទឈប់បាញ់អាចបន្តលើសពីរយៈពេលពីរខែ ប្រសិនបើមានការយល់ព្រមពីភាគីនានា»។ បន្ទាប់ពី មានការយល់ព្រមនេះ, ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) បានស្វាគមន៍ចំពោះសេចក្តីប្រកាស នេះ ដោយបង្ហាញក្តីសង្ឃឹមសម្រាប់ «ដំណើរការនយោបាយ» ដែលនឹងនាំមកនូវសន្តិភាពដល់ប្រទេសយេម៉ែន ប្រសិនបើបទឈប់បាញ់នេះ ត្រូវបានគោរពយ៉ាងពេញលេញ។

គួរបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត បានដឹកនាំក្រុមចម្រុះយោធា ដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែន ប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី ដែលមានអ៉ីរ៉ង់ ជាខ្នងបង្អែក ចាប់តាំងពីខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីក្រុមឧទ្ទាមនេះដណ្តើមកាន់កាប់បានរដ្ឋធានីសាណា កាលពីឆ្នាំ២០១៤។ សេចក្តីប្រកាស កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននាំមកនូវក្តីសង្ឃឹមនៃការរស់រានមានជីវិតរបស់ប្រជាជន ក្រោយជម្លោះដ៏ឃោរឃៅបានសម្លាប់មនុស្ស រាប់សែននាក់ និងបានបន្សល់ទុកឲ្យមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងគ្រោះទុរិភិក្ស ហើយប្រែក្លាយយេម៉ែនទៅជាប្រទេសក្រីក្របំផុត
របស់ពិភពអារ៉ាប់៕