(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បានសម្រេចលុបចោលការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប មីនុតមែន ៣ (Minuteman III) ដែលខ្លួន បានគ្រោងទុក ដើម្បីបន្ធូរបន្ថយភាពតានតឹងនុយក្លេអ៊ែរជាមួយរុស្ស៊ី អំលុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២។

Reuters ដោយផ្អែកលើប្រភពផ្ដាច់មុខពីកងទ័ពអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងទៀតថាមន្ទីរបញ្ចកោណបានប្រកាសពន្យារ ការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីបខាងលើកាលពីថ្ងៃទី២ ខែមីនាកន្លងទៅ បន្ទាប់ពីរុស្ស៊ីដាក់កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យស្ថិតក្នុង លក្ខណៈប្រុងជើងការខ្ពស់។ បើតាមទីក្រុងវ៉ាស៊ីនតោន ពេលវេលានោះពិតជាមានសារៈសំខាន់ដែលទាំងអាមេរិក និងរុស្ស៊ីត្រូវប្រុងប្រយ័ត្ន ពីហានិភ័យនៃការគណនាខុស ហើយចាត់វិធានាការចាំបាច់នានាដើម្បីបន្ធូរបន្ថយហានិភ័យទាំងនោះ។ ចំណែកឯ កាលបរិច្ឆេទថ្មីនៃការធ្វើ តេស្ដមិនទាន់ត្រូវបានឱ្យដឹងនៅឡើយទេ។

គួរបញ្ជាក់ថា Minuteman III ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ គឺជាមីស៊ីលបាលិស្ទីគអន្តរទ្វីបដែលជាផ្នែកមួយដ៏សំខាន់នៃ យុទ្ធសាស្ត្រយោធាអាមេរិក។ មីស៊ីលនេះអាចបាញ់បានក្នុងចម្ងាយ ៩,៦៦០គីឡូម៉ែត្រឡើងទៅ និងអាចធ្វើដំណើរក្នុងល្បឿន ២៤,០០០គីឡូម៉ែត្រក្នុងមួយម៉ោង៕