(ប៉ាឡេស្ទីន)៖ ក្រសួងសុខាភិបាល គ្រូពេទ្យ និងសាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា មានជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅថ្ងៃសុក្រនេះ នៅក្នុងការប៉ះទង្គិចគ្នាជាមួយទាហានអ៊ីស្រាអែលនៅភាគខាងត្បូង និងភាគខាងជើងនៃតំបន់ West Bank។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Ahmad el-Atrash អាយុ ២៨ឆ្នាំត្រូវបានបាញ់សម្លាប់ ដោយទាហានអ៊ីស្រាអែល ក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាមួយក្រុមបាតុករប៉ាឡេស្ទីននៅទីក្រុង Hebron ភាគខាងត្បូងនៃ West Bank។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននិយាយថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅក្នុងទីក្រុង ក្រោយពីការអធិស្ឋានបែបសាសនានៅថ្ងៃសុក្រដោយបន្ថែមថា យុវជនឈ្មោះ el-Atrash ត្រូវបានបាញ់ចំក្បាល និងបានស្លាប់ដោយសាររបួស ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ទន្ទឹមនឹងនេះដែរ អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីននៅតំបន់ West Bank បាននិយាយថា បាតុករប៉ាឡេស្ទីនចំនួន ១៣៣នាក់បានរងរបួស ដោយទាហានអ៊ីស្រាអែល អំឡុងពេលមានការប៉ះទង្គិចគ្នានៅក្នុងទីប្រជុំជន៕