(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ីបានបើកព្រំដែនរបស់ខ្លួនឡើងវិញយ៉ាងពេញលេញនៅថ្ងៃសុក្រនេះ ដោយបានលុបចោលលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក សម្រាប់បុគ្គលដែលចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ពេញលេញ បន្ទាប់ពីការដាក់កំហិតលើការធ្វើដំណើរយ៉ាងតឹងរ៉ឹងរយៈពេល២ឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។

ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ បានរក្សាវិធានការរឹតត្បិតចូលប្រទេសយ៉ាងតឹងរ៉ឹងបំផុតនៅក្នុងតំបន់ ដើម្បីព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ដោយជនជាតិបរទេសភាគច្រើនត្រូវបានហាមឃាត់មិនឱ្យចូល ហើយពេលត្រឡប់មកម៉ាឡេស៊ីវិញ តម្រូវឱ្យស្ថិតនៅក្រោមការដាច់ដោយឡែក។

រដ្ឋាភិបាលម៉ាឡេស៊ីលើកឡើងថា ការបើកព្រំដែនឡើងវិញនេះ គឺជាការចាប់ផ្តើមនៃការផ្លាស់ប្តូររបស់ប្រទេសទៅកាន់ដំណាក់កាលចុងក្រោយនៃជំងឺកូវីដ១៩ ខណៈដែលប្រទេសជិតខាងដូចជាឥណ្ឌូនេស៊ី សិង្ហបុរី និងថៃក៏បានទម្លាក់ការរឹតបន្តឹងការធ្វើដំណើរភាគច្រើនផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីកំពុងរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរចំនួនពីរលាននាក់នៅឆ្នាំនេះ បន្ទាប់ពីការលុបចោលការទប់ស្កាត់នេះ៕