(ប៉េកាំង)៖ កាលពីថ្ងៃទី៣១ ខែមីនា គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន បានបើកធ្វើកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍អំពី សភាពការណ៍ចាត់ចែងបន្ទាន់ នូវឧបទ្ទវហេតុធ្លាក់យន្តហោះ MU5735 នៃក្រុមហ៊ុនអាកាសចរណ៍ China Eastern ព្រមទាំងរៀបចំចាត់ចែងការងារជំហានបន្ទាប់។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកនេះ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

កិច្ចប្រជុំបានលើកឡើងថា ក្រោយពីកើតមានឧបទ្ទវហេតុធ្លាក់យន្តហោះ MU5735 នៃក្រុមហ៊ុនអាកាសចរណ៍ China Eastern «២១ មីនា» គណៈកម្មាធិការមជ្ឈិមបក្សបានយកចិត្តទុកដាក់ខ្ពស់ លោកអគ្គលេខាធិការបក្ស Xi Jinping បានផ្តល់អនុសាសន៍សំខាន់ភ្លាមៗ ដោយគូសបញ្ជាក់ថា ត្រូវចាប់ដំណើរការយន្តការឆ្លើយតបបន្ទាន់ភ្លាម ធ្វើការរុករកនិងជួយសង្គ្រោះដោយពេញទំហឹង រៀបចំចាត់ចែងកិច្ចការពាក់ព័ន្ធ បន្ទាប់ពីឧបទ្ទវហេតុដោយសមរម្យ ស៊ើបអង្កេតរកមូលហេតុឱ្យបានឆាប់រហ័ស ក៏ដូចជាផ្តល់សេវាជូនក្រុមគ្រួសារជនរងគ្រោះឱ្យបានល្អ។ បច្ចុប្បន្ន ការងារពាក់ព័ន្ធបាននិងកំពុងដំណើរការ ដោយមានសណ្តាប់ធ្នាប់។

កិច្ចប្រជុំគូសបញ្ជាក់ថា ឧបទ្ទវហេតុលើកនេះបណ្តាលឱ្យមនុស្សចំនួន ១៣២នាក់ លើយន្តហោះរងគ្រោះស្លាប់យ៉ាងអភ័ព្វ យើងមានភាពឈឺចាប់យ៉ាងខ្លាំង។ ត្រូវបន្តធ្វើការងាររៀបចំចាត់ចែងនិងផ្ទេរសាកសព និងរបស់របរសេសសល់ របស់ជនរងគ្រោះឱ្យបានល្អ។ ត្រូវបង្កើនកម្លាំងជួយឧបត្ថម្ភដល់ ក្រុមគ្រួសាររបស់អ្នករងគ្រោះឱ្យបានល្អ។ អាជ្ញាធរមានសមត្ថកិច្ចត្រូវស៊ើបអង្កេត អំពីមូលហេតុនៃឧបទ្ទវហេតុតាមបែបវិទ្យាសាស្ត្រ។ ត្រូវធ្វើការងារប្រកាសព័ត៌មាន នៅជំហានបន្ទាប់ឱ្យបានល្អ ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់របស់សង្គមយ៉ាងសកម្ម៕