(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃសុក្រនេះ បានអនុម័តទណ្ឌកម្មថ្មីទៀត ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ជុំវិញការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM នាពេលថ្មីៗនេះ បន្ទាប់ពីការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោន ឱ្យដាក់ទណ្ឌកម្មអន្តរជាតិកាន់តែតឹងរ៉ឹង ប្រឆាំងនឹងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។

កន្លងមក ជប៉ុនមានបម្រាមរួចជាស្រេចលើការធ្វើពាណិជ្ជកម្ម និងលើកប៉ាល់ដឹកទំនិញ ដែលជាផ្នែកនៃការដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួន ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ប៉ុន្តែទីក្រុងតូក្យូបាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើស្ថាប័នចំនួន៤ រួមជាមួយបុគ្គលចំនួន៩ ដែលពាក់ព័ន្ធជាមួយការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៉ីរ៉ូកាហ៊្សូ ម៉ាត់ស៊ូណុ (Hirokazu Matsuno) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទ្រព្យសម្បត្តិរបស់អង្គភាពនិងបុគ្គលទាំងអស់នោះ នឹងត្រូវស្ថិតក្រោមការបង្កក។

គួរបញ្ជាក់ថា វិធានការខាងលើនេះ បានកើតឡើងបន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវឱ្យមាន «សេចក្តីសម្រេចថ្មីបន្ថែម ដើម្បីធ្វើបច្ចុប្បន្នភាពនិងពង្រឹងរបបទណ្ឌកម្មបច្ចុប្បន្ន ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីសប្តាហ៍មុន បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ដោយពេញលេញជាលើកដំបូង របស់កូរ៉េខាងជើង បន្ទាប់ពីបានផ្អាកកាលពីឆ្នាំ២០១៧។

កូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍មុន បានអះអាងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីល ហាសុង-១៧ (Hwasong-17) ជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) រយៈចម្ងាយឆ្ងាយ ដែលត្រូវក្រុមអ្នកវិភាគនិយាយថា អាចផ្ទុកក្បាលគ្រាប់បានច្រើន ខណៈវាបានបង្ហាញខ្លួនជាលើកដំបូងបំផុត ក្នុងក្បួនព្យុហយាត្រាយោធារបស់កូរ៉េខាងជើង កាលពីឆ្នាំ២០២០។ ប៉ុន្តែក្រោយមក កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានសន្និដ្ឋានថា តាមពិតមីស៉ីលដែលកូរ៉េខាងជើងបាញ់សាកល្បងនោះ គឺជាមីស៉ីល ICBM ស៊េរី Hwasong-15 ដែលទីក្រុងព្យុងយ៉ាងធ្លាប់ធ្វើតេស្តរួចហើយ កាលពីឆ្នាំ២០១៧៕