(កូឡុំបូ)៖ ប៉ូលិសក្នុងរដ្ឋធានីស្រីលង្កា បានសម្រេចដកបម្រាមគោចរចេញវិញ នៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការតវ៉ាដោយហិង្សា ដែលមនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួន ហើយប៉ូលិសមួយចំនួនបានរងរបួស នៅក្បែរគេហដ្ឋានរបស់ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាផាស្កា (Gotabaya Rajapaksa) ជុំវិញដំណោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្រីលង្កា លោក ប្រាសាណា រ៉ាណាទូង (Prasanna Ranatunge) បានប្រាប់សន្និសីទសារព័ត៌មានថា «បញ្ហាចម្បងដែលស្រីលង្កាកំពុងប្រឈមមុខគឺកង្វះខាតរូបិយបណ្ណបរទេស ហើយនៅពេលដែលមានការតវ៉ាបែបនេះទៀត នឹងរឹតតែធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ហើយបង្កផលវិបាកកាន់តែខ្លាំងដល់សេដ្ឋកិច្ច»។ លោក Ranatunge បន្តថា «គោលជំហររបស់រដ្ឋាភិបាល គឺប្រជាពលរដ្ឋមានសិទ្ធិតវ៉ា ប៉ុន្តែគួរតែមានលក្ខណៈស្ថាបនា, អ្វីដែលបានកើតឡើងកាលពីម្សិលមិញនេះ គឺផ្ទុយពីអ្វីដែលពួកគេគួរតែធ្វើ»

អ្នកនាំពាក្យប៉ូលិសស្រីលង្កា លោក នីហាល ថាលឌូវ៉ា (Nihal Thalduwa) បានប្រាប់ Reuters យ៉ាងដូច្នេះថា «យើងបានចាប់ខ្លួនមនុស្ស៥៤នាក់ ជុំវិញភាពចលាចលកាលពីយប់មិញ។ យានជំនិះរបស់យោធានិងប៉ូលិសជាច្រើនគ្រឿង ត្រូវបានក្រុមបាតុករដុតបំផ្លាញ រួមទាំងរថយន្តក្រុងចំនួន២ និងម៉ូតូជាច្រើនគ្រឿងផងដែរ»។ លោកបានបន្ថែមទៀតថា មន្រ្តីប៉ូលិស៥នាក់បានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពី អ្នករងរបួសនៅខាងក្រុមអ្នកតវ៉ានោះទេ។

គួរបញ្ជាក់ថា ប្រទេសដីកោះដែលមានប្រជាជន២២លាននាក់នេះ កំពុងជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត ដោយការផ្គត់ផ្គង់អគ្គិសនី ត្រូវបានផ្តាច់កើនដល់រយៈពេល១៣ម៉ោង ក្នុងមួយថ្ងៃៗ ដោយសាររដ្ឋាភិបាលមិនមានសមត្ថភាពទូទាត់ថ្លៃនាំចូលឥន្ធនៈ។ បញ្ហានេះបាននាំឲ្យ ក្រុមបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នា នៅក្បែរគេហដ្ឋានរបស់លោក Rajapaksa ដែលស្ថិតក្នុងជាយរដ្ឋធានី កូឡុំបូ (Colombo) ដើម្បីសម្តែងការតវ៉ារបស់ពួកគេ ចំពោះសមត្ថភាពដោះស្រាយបញ្ហារបស់លោក រហូតផ្ទុះជាអំពើហិង្សា៕