(ប៉េកាំង)៖ ប្រទេសចិន បានសម្រេចចិត្តដាក់កំហិតការផ្ដល់ទិដ្ឋាការ លើក្រុមមន្ត្រីអាមេរិកមួយចំនួន ជាការឆ្លើយតបទៅនឹង វិធានការស្រដៀងគ្នាដែលបានដាក់ចេញ ដោយទីក្រុងវ៉ាស៊ីនតោនកាលពីក្នុងខែមីនានេះ ជុំវិញការចោទប្រកាន់អំពី បញ្ហារំលោភសិទ្ធិមនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន (Wang Wenbin) បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា «ភាគីចិនបានសម្រេចចិត្តដាក់កំហិត ការផ្ដល់ទិដ្ឋាការសងសឹកលើក្រុមមន្ត្រីអាមេរិកមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានភូតកុហក អំពីបញ្ហាសិទ្ធិមនុស្ស, ដាក់ទណ្ឌកម្មប្រឆាំងនឹងចិន និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់ប្រទេសចិន»។ លោក Wang បានបន្ថែមថា វិធានការនេះត្រូវបានធ្វើឡើង «ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ សាធារណៈរដ្ឋប្រជាមានិតចិន (PRC)»

អ្នកនាំពាក្យចិនរូបនេះ បានអះអាងថា សហរដ្ឋអាមេរិកបានប្រើលេសមិនពិត នៃបញ្ហារំលោភសិទ្ធិមនុស្ស ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន, បង្ខូចកេរ្តិ៍ឈ្មោះទីក្រុងប៉េកាំង និងដាក់សម្ពាធលើក្រុមមន្ត្រីចិន។ លោក Wang បានសង្កត់ធ្ងន់ថា សកម្មភាពបែបនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាទំនាក់ទំនងអន្តរជាតិ។

រហូតមកដល់ពេលនេះ ក្រសួងការបរទេសចិន មិនទាន់បានបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិកប៉ុន្មានរូបឱ្យពិតប្រាកដ ដែលនឹងស្ថិតនៅក្រោមការដាក់កំហិតថ្មីនេះទេ ប៉ុន្តែអ្នកនាំពាក្យ បាននិយាយថា អ្នកដែលបង្កើតព័ត៌មាន «ភូតកុហក» ជុំវិញបញ្ហាសិទ្ធិមនុស្ស និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់ប្រទេសចិន ដឹងខ្លួនរួចហើយថាពួកគេជានរណា។

គួរបញ្ជាក់ថា សេចក្តីប្រកាសខាងលើនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក បានដាក់កំហិតការផ្ដល់ទិដ្ឋាការ លើក្រុមមន្ត្រីចិន ដែលទីក្រុងវ៉ាស៉ីនតោនបានចោទប្រកាន់ថា ជាអ្នកគំរាមកំហែង និងយាយីដល់សកម្មជនសិទ្ធិមនុស្ស និងជាអ្នកប្រឆាំងទាំងនៅក្នុងប្រទេសចិន និងនៅជុំវិញពិភពលោក៕