(ស៊ីដនី)៖ ចំពេលមានប្រតិកម្មក្នុងតំបន់ ប្រទេសដែនកោះសូឡូម៉ុន (Solomon) បានអះអាងថា នឹងមិនអនុញ្ញាតឱ្យមាន មូលដ្ឋានយោធាចិន នៅក្នុងប្រទេសប្រជុំកោះប៉ាស៊ីហ្វិកនេះទេ បើទោះបីជាខ្លួនមានគម្រោងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិសុខជាមួយ ទីក្រុងប៉េកាំងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២។

មួយថ្ងៃបន្ទាប់ពីក្រុមមន្ត្រីនៃប្រទេសទាំងពីរ (សូឡូម៉ុននិងចិន) បានចុះហត្ថលេខាលើ សេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីសន្តិសុខ, ការិយាល័យនាយករដ្ឋមន្ត្រីសូឡូម៉ុន លោក ម៉ាណាសេ សូហ្កាវ៉ារ៉េ (Manasseh Sogavare) បាននិយាយថា របៀបវីរៈនៃកិច្ចព្រមព្រៀងនេះ មិនមានចំណុចណាមួយ ស្នើឲ្យប្រទេសចិនបង្កើតមូលដ្ឋានយោធានោះឡើយ ខណៈកិច្ចព្រមព្រៀងមិនទាន់សម្រេចបានចុងក្រោយទេ។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលសូឡូម៉ុន បានលើកឡើងថា «រដ្ឋាភិបាល Solomon ដឹងច្បាស់អំពីផលប៉ះពាល់ផ្នែកសន្តិសុខ នៃការទទួលឱ្យមាន មូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីខ្លួន ហើយនឹងមិនធ្វេសប្រហែស ដោយអនុញ្ញាតឱ្យមាន គំនិតផ្តួចផ្តើមបែបនេះកើតឡើង ក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ»

លោក Sogavare មិនបានបញ្ចេញព័ត៌មានលម្អិត អំពីកិច្ចព្រមព្រៀងសន្តិសុខនេះឡើយ ចំពោះមុខក្តីព្រួយបារម្ភនៅក្នុងតំបន់ ដែលកើតឡើងពីការលេចធ្លាយខ្លឹមសារនៃសេចក្តីព្រាង ដែលឱ្យសញ្ញាថា អាចមានការអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹកចិន ចូលប្រើប្រាស់ដែនកោះនេះបាន។

គួរបញ្ជាក់ថា បណ្តាប្រទេសក្នុងតំបន់ ដូចជា អូស្រ្តាលី នូវែលសេឡង់ និងប្រទេសដែនកោះប៉ាស៉ីហ្វិកមួយចំនួនទៀត បានចេញមុខ សម្តែងការជំទាស់ចំពោះ គម្រោងចុះកិច្ចព្រមព្រៀងសន្តិសុខរបស់សូឡូម៉ុនជាមួយចិន ក្រោមហេតុផលថា វាអាចធ្វើឱ្យប៉ះពាល់ដល់ កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ជាយូរមកហើយ៕