(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានប្រកាសជាថ្មី ឱ្យពលរដ្ឋអាមេរិកទាំងអស់ដែល កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ី និងអ៊ុយក្រែន គួរតែចាកចេញជាបន្ទាន់ ដោយបារម្ភថាពួកគេអាចនឹងត្រូវបានឃុំខ្លួន និងធ្វើបាបដោយមន្ត្រីសន្តិសុខរុស្ស៊ី ដោយសារបញ្ហាសញ្ជាតិរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយ (Ned Price) ធ្វើប្រកាសខាងលើនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅក្នុងតំបន់ Foggy Bottom នៃទីក្រុងវ៉ាស៉ីនតោន។ លោកបញ្ជាក់ថា «ពលរដ្ឋអាមេរិកទាំងអស់ ដែលកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន គួរតែចាកចេញជាបន្ទាន់»។ លោក Price បានបន្ថែមថា ការណែនាំអំពីការធ្វើដំណើររបស់សហរដ្ឋអាមេរិកត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លុះបញ្ចាំងពី «របាយការណ៍» ដែលថា មន្ត្រីសន្តិសុខរុស្ស៊ីអាចនឹង «ឃុំខ្លួន ឬធ្វើបាប» ពលរដ្ឋអាមេរិក ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី។

បើតាមលោក Price សហរដ្ឋអាមេរិកបានមើលឃើញពីការបំពានលើសមភាព សេរីភាពបញ្ចេញមតិ និងសិទ្ធិមនុស្ស» ពីសំណាក់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

គួរបញ្ជាក់ថា សេចក្តីណែនាំអំពីការធ្វើដំណើររបស់ក្រសួងការបរទេសអាមេរិក ដែលជំរុញឱ្យពលរដ្ឋអាមេរិកដែលរស់នៅ ឬធ្វើដំណើរនៅក្នុងប្រទេសរុស្ស៉ី និងអ៊ុយក្រែន ចាកចេញជាបន្ទាន់នោះ ត្រូវបានធ្វើឡើងបន្ទាប់ពីជនជាតិអាមេរិកម្នាក់ ត្រូវបានឃុំខ្លួនដោយអាជ្ញាធររុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ គឺតារាបាល់បោះឈ្មោះ Brittney Griner៕