(ស៊ីដនី)៖ ក្រុមអ្នកស៊ើបអង្កេតគ្រោះថ្នាក់តាមផ្លូវអាកាសរបស់អូស្ត្រាលី នៅថ្ងៃសុក្រនេះ បានចាប់ផ្តើមបើកការស៊ើបអង្កេតមួយលើករណីធ្លាក់ឧទ្ធម្ភាគចក្រ ដែលបានសម្លាប់មនុស្ស ៥នាក់ នៅឯតំបន់ព្រៃភ្នំដាច់ស្រយាលមានឈ្មោះថា Mount Disappointment ក្នុងរដ្ឋវិចតូរៀ (Victoria) ស្ថិតនៅភាគខាងកើត នៃប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Straitstimes នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២។

បើតាមអ្នកនាំពាក្យការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី ក្រុមអ្នកស៊ើបអង្កេត និងជួយសង្រ្គោះកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ នៅព្រឹកថ្ងៃសុក្រនេះ» (ម៉ោងនៅអូស្ត្រាលី)។ ក្រុមស៊ើបអង្កេត គ្រោងនឹងពិនិត្យលើបំណែកឧទ្ធម្ភាគចក្រ និងតំបន់ជុំវិញ ហើយវិភាគទិន្នន័យដែល បានកត់ត្រា និងសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធ។ ចំណែកឯ របាយការណ៍ពីការធ្លាក់អាចនឹងប្រើពេលពី ៦ ដល់ ៨សប្តាហ៍ដើម្បីធ្វើការស្រាវជ្រាវ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រឯកជនមួយគ្រឿងនោះ បានបាត់ចេញពីរ៉ាដាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) ប៉ុន្តែភ្លាមៗ ប៉ូលិសមិនអាចទៅដល់ កន្លែងហេតុបាននោះទេ រហូតដល់ប៉ុន្មានម៉ោងក្រោយមក បានបញ្ជាក់ជាសាធារណៈថាអ្នកដែលជិះនៅលើយន្តហោះទាំង ៥នាក់នោះបានស្លាប់។ ប៉ូលីសរដ្ឋវិចតូរៀក៏បានបញ្ជាក់ដែរថាអ្នកស្លាប់មាន បុរស៤នាក់ និងស្ត្រីម្នាក់ ដែលក្នុងនោះមានអ្នកបើកយន្តហោះ អាយុ ៣២ឆ្នាំម្នាក់ របស់ក្រុមហ៊ុនជួលឧទ្ធម្ភាគចក្រ Microflite ផងដែរ៕