(ព្រុចសែល)៖ ប្រមុខអង្គការណាតូ (NATO) លោក ជែនស្តូល ធេនបឺគ (Jens Stoltenberg) បាននិយាយថា កងទ័ពរុស្សីក្នុងប្រទេសអ៊ុយក្រែន កំពុងតែប្រមូលផ្តុំកម្លាំងឡើងវិញ ដើម្បីបង្កើនការវាយប្រហារទ្វេដង នៅភាគខាងកើតនៃប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២។

បើតាមសេចក្តីរាយការណ៍របស់ BBC, ចក្រភពអង់គ្លេស បានអះអាងថារុស្ស៊ីកំពុងកែនកងទ័ពរបស់ខ្លួនចន្លោះពី ១២០០ ទៅ ២០០០នាក់ ពីប្រទេស ហ្សកហ្ស៊ី ដើម្បីពង្រឹងកម្លាំងបន្ថែម។ ទីក្រុងមូស្គូ កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួននឹងកាត់បន្ថយសកម្មភាពយោធានៅភាគខាងជើងអ៊ុយក្រែន ក្នុងនោះ រួមមានទាំងរដ្ឋធានីកៀវ ហើយផ្តោតលើ «ការរំដោះ» តំបន់ Donbas នៅភាគអាគ្នេយ៍។

ជុំវិញសកម្មភាពនេះ, ប្រមុខNATO បាននិយាយថា «គោលបំណងរបស់រុស្ស៊ីក្នុងការសម្រេចគោលដៅយោធារបស់ខ្លួន គឺមិនមានការផ្លាស់ប្តូរ នោះទេ»។ លោកបានបន្ថែមទៀតថា «យើងបានឃើញមានការបាញ់ផ្លោងជាបន្តបន្ទាប់ ស្របពេលរុស្ស៊ីកំពុងផ្លាស់ប្តូរ និងកំណត់ទីតាំងកងទ័ព មួយចំនួនឡើងវិញ ដែលទំនងជានឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅក្នុងតំបន់ Donbass។ ជាមួយគ្នានេះ រុស្ស៊ីក៏នៅតែរក្សាសម្ពាធលើទីក្រុង Kyiv និងទីក្រុងដទៃទៀតដដែល»

គួរបញ្ជាក់ថា បើយោងតាមមន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់ កងទ័ពរុស្ស៊ីប្រហែល២០ភាគរយ នៅជុំវិញទីក្រុងកៀវ បានចាប់ផ្តើមប្ដូរយុទ្ធសាស្ត្រ ជាមួយការកំណត់ទីតាំងរបស់ខ្លួនឡើងវិញ ហើយក៏កំពុងដកចេញឆ្ងាយពីរោងចក្រនុយក្លេអ៊ែរ Chernobyl ផងដែរ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កងកម្លាំងទ័ពអាកាសអ៊ុយក្រែនបានអំពាវនាវជាបន្ទាន់ដល់បណ្តាប្រទេសលោកខាងលិចឲ្យផ្តល់យន្តហោះចម្បាំងទំនើប និងប្រព័ន្ធការពារដែនអាកាស ដោយបញ្ជាក់ថា អាវុធដែលខ្លួនកំពុងប្រើប្រាស់ជាបរិក្ខាយោធាហួសសម័យ មិនអាចឆ្លើយតបនឹងអាវុធដ៏ទំនើបរបស់រុស្ស៊ីបាន៕