(អ៉ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៉ីមរ៉ន ខាន់ (Imran Khan) បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានលូកលាន់ចូលកិច្ចការ នយោបាយរបស់ប៉ាគីស្ថាន ខណៈកិច្ចពិភាក្សាជជែកដេញដោលពីការបោះឆ្នោតដកសេចក្ដីទុកចិត្តប្រឆាំងនឹងរូបលោក នៅឯសភាជាតិត្រូវបាន លើកពេល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក អ៉ីមរ៉ន ខាន់ បាននិយាយចំៗឈ្មោះសហរដ្ឋអាមេរិកថាកំពុងលូកលាន់កិច្ចការផ្ទៃក្នុង និងនយោបាយរបស់ប៉ាគីស្ថាន តែក្រោយមកលោកក៏ប្ដូរសម្ដីវិញ។ លោកបានបញ្ជាក់ដូច្នេះថា «គឺសហរដ្ឋអាមេរិក, អូហទេ, មិនមែនអាមេរិកទេ តែជាបរទេសមួយ ដែលខ្ញុំមិនអាចបញ្ជាឈ្មោះបាន។ ខ្ញុំចង់មានន័យថាបរទេសមួយ»

គួរបញ្ជាក់ថា លោក អ៉ីមរ៉ន ខាន់ បច្ចុប្បន្នកំពុងប្រឈមមមុខនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្តពីសភា ខណៈក្រុមអ្នកប្រឆាំងបានចោទប្រកាន់ លោកថាដោះស្រាយបញ្ហាសេដ្ឋកិច្ច និងដឹកនាំគោលនយោបាយការបរទេសមិនបានល្អ បន្ទាប់ពីលោកបដិសេធចូលរួមជាមួយលោកខាងលិច ដើម្បីថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕