(ល្វីវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថាស្ថានភាពនៅក្នុងតំបន់ភាគខាងត្បូង និងតំបន់ដុនបាស់នៅតែអាក្រក់ ហើយរុស្ស៊ីនៅតែបន្តបង្កើនកងទ័ពនៅក្បែរទីក្រុងម៉ារីយូប៉ូល ដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាជាវីដេអូមួយ, លោក ហ្សេលេនស្គី ក៏បានឱ្យដឹងផងដែរថាលោកបានបណ្ដេញមន្ត្រីជាន់ខ្ពស់២នាក់ ជាសមាជិកសេវាសន្តិសុខជាតិ អ៊ុយក្រែនចេញពីតំណែង ពីបទក្បត់ជាតិ។

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី កងទ័ពអ៊ុយក្រែនបានវាយរុញច្រានកងទ័ពរុស្ស៊ីឱ្យចេញពីរដ្ឋធានីកៀវ និងទីក្រុងឆែរនីហៀវ (Chernihiv) ខណៈទីក្រុងទាំង២នេះ ត្រូវបានរុស្ស៊ីអះអាងថាលែងក្លាយជាការផ្តោតនៃការវាយប្រហាររបស់ខ្លួនទៀតហើយ ដោយកងទ័ពរុស្ស៊ីពេលនេះកំពុង ផ្តោតលើការរំដោះដុនបាស់ទាំងស្រុង៕