(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីយោធាអាមេរិក បានអះអាងកាលពីថ្ងៃពុធសប្តាហ៍នេះថា កងទ័ពរុស្ស៉ីបានចាប់ផ្តើមដកថយចេញពី រោងចក្រថាមពលនុយក្លេអ៊ែរ ដែលលែងដំណើរការគឺ ឆឺណូប៊ីល (Chernobyl) ហើយ មួយថ្ងៃបន្ទាប់ពីទីក្រុងមូស្គូបានសន្យាថា នឹងកាត់បន្ថយការវាយប្រហាររបស់ខ្លួន លើទីក្រុងសំខាន់ៗចំនួន២របស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

មន្រ្តីយោធាអាមេរិកខាងលើបាននិយាយយ៉ាងដូច្នេះថា «រុស្ស៉ីកំពុងតែចាប់ផ្តើមផ្លាស់ទីកងកម្លាំងរបស់ពួកគេ ចេញពីរោងចក្រថាមពល Chernobyl ហើយឆ្ពោះទៅកាន់ប្រទេសបេឡារុស។ យើងគិតថា ពួកគេកំពុងដកថយចេញទីនោះ ប៉ុន្តែខ្ញុំមិនច្បាស់ថា ពួកគេបានចេញទៅបាត់អស់តែម្តង ឬក៏យ៉ាងណាឡើយ»

កងទ័ពរុស្ស៉ីបានចូលកាន់កាប់តំបន់រោងចក្រ Chernobyl កាលពីថ្ងៃទី២៤ ខែកុម្ភៈ ពោលគឺថ្ងៃដំបូង នៃការបើកប្រតិបត្តិការយោធារបស់រុស្ស៉ី នៅអ៊ុយក្រែន។ ក្រោយមក នៅថ្ងៃទី០៤ ខែមីនា កងទ័ពរុស្ស៉ីក៏បានចូលគ្រប់គ្រង រោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេប្រចាំអឺរ៉ុបនៅទីក្រុង ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) ផងដែរ។

គួរបញ្ជាក់ថា អ៊ុយក្រែនមានរ៉េអាក់ទ័រសរុបចំនួន១៥ នៅរោងចក្រថាមពលនុយក្លេអ៊ែរចំនួន៤ ដែលកំពុងដំណើរការ ហើយក៏មាន មូលដ្ឋានស្តុកកាកសំណល់នុយក្លេអ៊ែរផងដែរ ដោយក្នុងនោះរួមមានរោងចក្រ Chernobyl ដែលជាកន្លែងកើតគ្រោះមហន្តរាយថាមពលនុយក្លេអ៊ែរ ដ៏អាក្រក់បំផុតរបស់ពិភពលោក កាលពីឆ្នាំ១៩៨៦៕