(ប៉េកាំង)៖ កាលពីថ្ងៃទី២៩ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចចរចាជុំទី៥រវាងរុស្ស៊ីនិងអ៊ុយក្រែន បានបញ្ចប់នៅប្រទេសតួកគី។ លោក Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគីបានទម្លាយឱ្យដឹងថា កិច្ចចរចាលើកនេះជាកិច្ចចរចា ដែលទទួលបានការវិវឌ្ឍរីកចម្រើនខ្លាំងបំផុត គិតរហូតដល់បច្ចុប្បន្ននេះ។ លោក Medinsky ប្រធានគណប្រតិភូខាងកិច្ចចរចារបស់រុស្ស៊ីបានថ្លែងថា បើសិនជាភាគីទាំងពីរអាចជំរុញយ៉ាងលឿន នូវការងារចុះហត្ថលេខាលើកិច្ចព្រមព្រៀង ព្រមទាំងឈានដល់ការបន្ទន់ជំហរគ្នាទៅវិញទៅមក នោះសន្តិភាពនឹងមកដល់កាន់តែឆាប់រហ័ស ។ រីឯសមាជិកគណប្រតិភូអ៊ុយក្រែនបានថ្លែងថា ឯកសារជាមូលដ្ឋានសម្រាប់ឱ្យប្រធានាធិបតីនៃប្រទេសទាំងពីរ ជួបសន្ទនាបានត្រៀមរៀបចំរួចរាល់ហើយ។

យោងតាមដំណឹងពាក់ព័ន្ធបានឱ្យដឹងថា កិច្ចចរចាលើកនេះទទួលបានលទ្ធផលដ៏គន្លឹះជាច្រើន ក្នុងនោះបូករួមទាំងអ៊ុយក្រែន រក្សាអព្យាក្រឹតជាស្ថាពរ លះបង់ចោលការចូលសម័្ពន្ធយោធា រុស្ស៊ីមិនប្រឆាំងអ៊ុយក្រែនចូលជា សមាជិកនៃសហភាពអឺរ៉ុប និងបន្ធូរបន្ថយការប៉ះទង្គិចជាមួយអ៊ុយក្រែន ដោយចែកជាដំណាក់កាល ព្រមពេលជាមួយគ្នានេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ មានការរំពឹងអាចសម្រេចបាននូវកិច្ចជំនួប។ ឆ្លងតាមរយៈកិច្ចចរចាសន្តិភាពទាំង៥ជុំ ភាគីទាំងពីរទទួលបានសមិទ្ធផលយ៉ាងសកម្ម ដែលបានមកដោយមិនងាយទេ។

តាមដំណឹងស្តីពីកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ទទួលបានការវិវឌ្ឍរីកចម្រើន ដែលត្រូវបានផ្សព្វផ្សាយចេញទៅ សន្ទស្សន៍ភាគហ៊ុនសំខាន់ៗរបស់អឺរ៉ុបនិងអាមេរិក បានឡើងថ្លៃភ្លាម។ ប្រការនេះបានបង្ហាញថា សហគមន៍អន្តរជាតិអបអរស្ថាគមន៍ ចំពោះការកែលម្អនៃស្ថានការណ៍រវាងរុស្ស៊ីនិងអ៊ុយក្រែន។ ប៉ុន្តែអាមេរិកដែលជា អ្នកបង្កវិបត្តិអ៊ុយក្រែនមុនគេ បែរជាមិនសូវមានប្រតិកម្មអីទេ រហូតដល់បង្ហាញអាកប្បកិរិយាមិនស្វាគមន៍ទៀតផង។

នៅថ្ងៃដែលកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន ទទួលបានលទ្ធផលជាទីគាប់ប្រសើរ លោក Adeyemo អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានអះអាងថា ដើម្បីកាត់កម្សោយ «សមត្ថភាពប្រើប្រាស់ម៉ាស៊ីន ធ្វើប្រយុទ្ធរបស់វិមានក្រឹមឡាំង» អាមេរិកនិងសម្ព័ន្ធមិត្តរបស់គេ បាននិងកំពុងគ្រោងផែនការ ក្នុងន័យដាក់ទណ្ឌកម្មថ្មីទៅលើ មុខរបរអាជីវកម្មសំខាន់ៗជាច្រើនក្នុងសេដ្ឋកិច្ចរុស្ស៊ី ឧទាហរណ៍ដូចជាបញ្ហាពាក់ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម។

មួយផ្នែកបានពង្រីកការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី មួយផ្នែកទៀតប្រញាប់ «ប្រគល់កាំបិត» ឱ្យអ៊ុយក្រែន។ នៅថ្ងៃដែលរុស្ស៊ីនិងអ៊ុយក្រែនធ្វើកិច្ចចរចា លោក បៃដិន ប្រធានាធិបតី បានកោះហៅអ្នកដឹកនាំនៃប្រទេសអង់គ្លេស អាល្លឺម៉ង់ បារាំងនិងអ៊ីតាលីជាដើមធ្វើកិច្ចជំនួបតាមរយៈទូរស័ព្ទ ដោយបានសម្រេចថា នឹងបន្តផ្តល់ជំនួយដល់អ៊ុយក្រែនជាបន្តទៀត ក្នុងនោះក៏បូករួមទាំងផ្តល់អាវុធ កាន់តែច្រើនដល់អ៊ុយក្រែនផងដែរ។

ទាក់ទិននឹងរឿងនេះ អឺរ៉ុបបានលេចចេញសំឡេងពិចារណាកំហុសប្រកបដោយវិចារណញ្ញាណ។ ធនាគារគំនិតដូចជា មជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុប និងវិទ្យាស្ថានសិក្សាស្រាវជ្រាវ កិច្ចការអន្តរជាតិរបស់ចក្រភពអង់គ្លេសជាដើម បាននាំគ្នាចេញផ្សាយអត្ថបទ ដោយបានលើកឡើងថាការដាក់ទណ្ឌកម្ម មិនមែនជាច្រកចេញសម្រាប់បញ្ចប់សង្គ្រាម និងបង្កបង្កើតរបៀបរៀបរយសន្តិសុខអឺរ៉ុបនោះទេ ក្បួនច្បាប់សន្តិសុខអឺរ៉ុបត្រូវកំណត់ដោយជនជាតិអឺរ៉ុប ហើយក៏មិនអាចច្រានចោលរុស្ស៊ីនោះឡើយ។

ការដែលអាមេរិកបានរារាំងនិងបំផ្លិចបំផ្លាញ កិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន បានបង្ហាញម្តងទៀតថា អាមេរិកទើបជាអ្នកគំរាមកំហែងធំបំផុត នៃសុខសន្តិភាពរបស់ពិភពលោក។ ការឈរនៅម្ខាងខុសឆ្គងក្នុងប្រវត្តិសាស្ត្រ ទីបំផុតគឺពិបាកគេចផុតពី ទណ្ឌកម្មប្រវត្តិសាស្ត្រណាស់។ «ម៉ាស៊ីនបំផុសសង្គ្រាម» របស់អាមេរិកគួរតែបញ្ឈប់ហើយ!