(តៃប៉ិ)៖ រដ្ឋមន្រ្តីការពារតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហើបពីផែនការរបស់ក្រសួងការពាជាតិតៃវ៉ាន់ ក្នុងការបង្កើតក្រុមការងារមួយ ដើម្បីសិក្សាពីយុទ្ធសាស្រ្តរបស់អ៊ុយក្រែន ដែលអាចទប់ទល់នឹងរុស្ស៊ីបាន ហើយតៃវ៉ាន់ក៏កំពុងពិភាក្សាគ្នាអំពីបញ្ហានេះ ជាមួយសហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឈូ គូចេង (Chiu Kuo-cheng) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីក្រុងតៃប៉ិបានទាក់ទងជាមួយក្រុមភាគីបរទេស ដើម្បីពិភាក្សាអំពីសង្រ្គាមដែលកំពុងកើតឡើង ហើយបានរៀបចំក្រុមការងារជំនាញ ដើម្បីសិក្សាអំពីសង្រ្គាមនេះ។ បើតាមលោក ឈូ ប្រធានបទដែលតៃវ៉ាន់កំពុងតាមដាន រួមមានយុទ្ធសាស្រ្តប្រយុទ្ធរបស់រុស្ស៊ី និងរបៀបតស៊ូទប់ទល់របស់អ៊ុយក្រែន។ លោក Chiu បានបង្ហើបថា ការពិភាក្សាមិនត្រឹមតែត្រូវបានធ្វើឡើង រវាងតៃវ៉ាន់និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រព្រឹត្តទៅជាមួយបណ្តាប្រទេសដទៃទៀត ដែលមានការទាក់ទងជាទូទៅ ជាមួយតៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា តៃវ៉ាន់ដែលត្រូវទីក្រុងប៉េកាំង ជាទុកជាផ្នែកមួយនៃប្រទេសចិន បានបង្កើនកម្រិតប្រកាសអាសន្នរបស់ខ្លួន ចាប់តាំងពីរុស្ស៉ីបានវាយប្រហារលើអ៊ុយក្រែន ដោយសារខ្លាចក្រែងថា ក្រុងប៉េកាំងអាចនឹងធ្វើសកម្មភាពស្រដៀងគ្នា ចំពោះដែនកោះនេះ ប៉ុន្តែមកទល់ឥឡូវ តៃវ៉ាន់ពុំបានរាយការណ៍ ពីសញ្ញាមិនប្រក្រតីណាមួយនោះទេ។ លទ្ធភាពនៃផលប៉ះពាល់ពីសង្រ្គាម, និងគំនិតយោធារបស់ចិនមកលើកោះតៃវ៉ាន់ ព្រមទាំងវិធីសាស្រ្តដែលចិនអាចបើកការវាយប្រហារលើតៃវ៉ាន់ គឺត្រូវបានក្រុមមន្រ្តីតៃវ៉ាន់ ជជែកដេញដោលគ្នាយ៉ាងមមាញឹក ចំពោះមុខវិបត្តិសង្រ្គាមនៅអ៊ុយក្រែន៕