(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសចិនកំពុងព្រមានប្រឆាំង នឹងការបង្កើតបក្ខពួកប្រឈមមុខគ្នាថ្មីមួយនៅតំបន់អាស៉ី ព្រមទាំងការប្រែក្លាយបណ្តាប្រទេសនៅក្នុងតំបន់ ឱ្យទៅជាឧបករណ៍របស់ ក្រុមប្រទេសមហាអំណាច។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

លោករដ្ឋមន្រ្តីការបរទេសចិន បានថ្លែងដូចខាងលើ ក្នុងឱកាសកិច្ចជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន លោក ស្សា ម៉ាមូឌ គូរេស្ស៉ី (Shah Mahmood Qureshi) នៅឯទីក្រុងទុនស៉ី (Tunxi) នៃខេត្តអានហ៊ុយ (Anhui) ភាគខាងកើតនៃប្រទេសចិន។ លោក វ៉ាង យី បានលើកឡើងដូច្នេះថា «យើងមិនអាចអនុញ្ញាតឱ្យ ផ្នត់គំនិតបែបសង្រ្គាមត្រជាក់ ត្រឡប់មកកាន់តំបន់អាស៉ីវិញបានឡើយ។ យើងមិនត្រូវឱ្យមាន ការប្រែក្លាយប្រទេសតូចឬមធ្យមនៅក្នុងតំបន់ ឱ្យទៅជាឧបករណ៍ឬមួយក៏ជនរងគ្រោះ នៃក្រុមមហាអំណាចដាច់ខាត»

លោក វ៉ាង បានបន្ថែមទៀតថា «ភាគីចិនមានបំណងឆ្ពោះទៅទិសដៅដូចគ្នាជាមួយប៉ាគីស្ថាន និងបណ្តាប្រទេសជិតខាង ដោយដើរតួនាទីស្ថាបនា ក្នុងការធានាឱ្យបាននូវសុខសន្តិភាពក្នុងតំបន់និងពិភពលោក ហើយបង្កើតការចូលរួមចំណែកយ៉ាងប្រសើរដល់តំបន់អាស៉ី»

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ ចិនកំពុងរៀបចំកិច្ចប្រជុំពហុជាតិថ្នាក់រដ្ឋមន្រ្តីលើកទី៣ នៅឯទីក្រុងទុនស៉ី ដែលមានការចូលរួមពី ក្រុមប្រទេសជិតខាងអាហ្វហ្កានីស្ថាន ក៏ដូចជាសហរដ្ឋអាមេរិកនិងរុស្ស៉ី ដើម្បីពិភាក្សាអំពីវិបត្តិសេដ្ឋកិច្ច រួមទាំងមនុស្សធម៌ ដែលអាហ្វហ្កានីស្ថានកំពុងប្រឈម៕