(វ៉ាស៊ីនតោន)៖ សេតវិមាន ថ្ងៃពុធសប្តាហ៍នេះ បានរិះគន់ការស្នើសុំរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យបញ្ចេញព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងរឿងអាស្រូវកូនប្រុសរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចំពេលដែលសង្រ្គាមកំពុងឆាបឆេះនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

នៅក្នុងការអត្ថាធិប្បាយក្នុងកម្មវិធីទូរទស្សន៍ លោក ត្រាំ បានលើកឡើងពីភាពមិនច្បាស់លាស់អំពីមុខជំនួញរបស់លោក ហាន់ធឺ បៃដិន (Hunter Biden) ដែលជាកូនប្រុសរបស់លោក បៃដិន នៅក្នុងប្រទេសរុស្ស៊ី ដោយនិយាយថា «ខ្ញុំគិតថាលោក ពូទីនដឹងអំពីចម្លើយនេះ ហើយលោកគួរតែឆ្លើយនូវសំណួរនេះ»

ឆ្លើយតបទៅនឹងអ្នកយកព័ត៌មាន, អ្នកនាំពាក្យសេតវិមានលោកស្រី Kate Bedingfield បានបញ្ជាក់ដូច្នេះថា «វាមិនមែនជាពេលវេលា សមស្របនោះទេ ក្នុងការអួតអំពីទំនាក់ទំនងរបស់ខ្លួនជាមួយលោក ពូទីន ខណៈដែលលោក (លោក ត្រាំ) ធ្លាប់ជាអតីតប្រធានាធិបតី នៃសហរដ្ឋអាមេរិក»។ ការអត្ថាធិប្បាយរបស់លោក ត្រាំ នៅពេលនេះ កើតឡើងចំពេលប្រទេសលោកខាងលិចកំពុងព្យាយាមដាក់សម្ពាធ លើលោក ពូទីន ឱ្យបញ្ចប់ប្រតិបត្តិការលើអ៊ុយក្រែន។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក ត្រាំ បានកើតឡើង ក្រោយចៅក្រមសហព័ន្ធអាមេរិកក្នុងសប្ដាហ៍នេះ បានសម្រេចថារូបលោក ទំនងជាមិនបានប្រព្រឹត្តបទឧក្រិដ្ឋ ជុំវិញព្រឹត្តិការណ៍ក្រុមអ្នកគាំទ្ររបស់លោកចូលអុកឡុងវិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ទេ ខណៈមុខជំនួញរបស់លោកនៅតែស្ថិតក្រោមការស៊ើបអង្កេត៕