(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធសប្តាហ៍នេះ បានដាក់ចេញនូវផែនការដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មីមួយសម្រាប់ COVID-19 ហើយបើយុទ្ធសាស្រ្តសំខាន់ៗនេះត្រូវបានអនុវត្តក្នុងឆ្នាំ២០២២នេះ វានឹងអនុញ្ញាតឱ្យពិភពលោកបញ្ចប់ដំណាក់កាលប្រកាសភាពអាសន្ននៃជំងឺរាតត្បាតសកមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

ប្រមុខអង្គការ WHO, លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានថ្លែងក្នុងសន្និសីទមួយថា «ផ្អែកតាម អ្វីដែលយើងកំពុងជួបប្រទះ, ស្ថានភាពចម្លងនៃមេរោគ COVID-19 គឺនៅតែបន្តវិវត្តន៍ ប៉ុន្តែភាពធ្ងន់ធ្ងរនៃជំងឺត្រូវបានកាត់បន្ថយ ខណៈភាពស៊ាំ បានកើនឡើងដោយសារការចាក់វ៉ាក់សាំង និងភាពសុំាដែលកើតមានក្រោយការឆ្លង»

តាមការប្រមើលពីចំណុចវិជ្ជមានរបស់ WHO, ការរាត្បាតនាពេលអនាគត នឹង «មិនធ្ងន់ធ្ងរខ្លាំងទេ» ស្របពេលប្រសិទ្ធភាពរបស់វ៉ាក់សាំង អាចបង្កើនភាពសុំា ដើម្បីការការពារជំងឺធ្ងន់ធ្ងរ។ ដោយឡែក ចំពោះចំណុចអវិជ្ជមានវិញ WHO បានព្រមានថាប្រសិនបើមេរោគមានការវិវត្តន៍ ទៅជាទម្រង់ថ្មីទៀត នោះការផ្ទុះឆ្លងរាលដាលឡើងវិញអាចនឹងកើតមាន ជាពិសេសក្នុងចំណោមក្រុមមនុស្សងាយរងគ្រោះ។

គួរបញ្ជាក់ថា ផែនការថ្មីរបស់ WHOនេះ ក៏មានរួមបញ្ចូលនូវសេណារីយ៉ូចំនួន៣ផងដែរ ដើម្បីត្រៀមក្នុងករណីមានការវិវត្តន៍ស្ថានភាពថ្មីនៃជំងឺ COVID-19 នៅឆ្នាំបន្ទាប់ទៀត។ ទោះយ៉ាងណា WHO បានអំពាវនាវដល់ប្រទេសនានា ឲ្យបន្តឬ បង្កើនសមត្ថភាពត្រួតពិនិត្យរកមេរោគ ក៏ដូចជាតាមដានលើការវិវដ្តន៍នៃមេរោគនេះ បន្ទាប់ពីបិទបញ្ចប់ជំងឺរាតត្បាតនេះ៕