(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានព័ត៌មានខុសពីក្រុមមន្ត្រីទីប្រឹក្សារបស់លោក ពាក់ព័ន្ធនឹងសកម្មភាពយោធា រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងផលប៉ះពាល់នៃទណ្ឌកម្មលោកខាងលិចលើសេដ្ឋកិច្ចរបស់រុស្ស៊ី។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោកស្រី ខេត បេដីងហ្វៀល (Kate Bedingfield) ជានាយកទំនាក់ទំនងសេវិមាន បានគូសបញ្ជាក់ដូច្នេះថា «យើងទទួលបានព័ត៌មានថាលោក ពូទីន ទទួលបានព័ត៌មានខុសពីយោធារុស្ស៊ី ដែលនេះ បង្កឱ្យមានភាពតានតឹងរវាងលោក ពូទីន និងថ្នាក់ដឹកនាំយោធារបស់លោក»។ លោកស្រីបន្តទៀតថាលោក ពូទីន ទទួលបានព័ត៌មានខុសទាំង នោះដោយសារតែក្រុមមន្ត្រីទីប្រឹក្សារបស់លោក ខ្លាចមិនហ៊ានប្រាប់ពីការពិតពីឥទ្ធិពលនៃទណ្ឌកម្មលោកខាងលិច និងបរាជ័យរបស់យោធារុស្ស៊ី នៅអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក, មកទល់នឹងពេលនេះលោក ពូទីន មិនបានដឹងច្បាស់លាស់ពីសកម្មភាពយោធារុស្ស៊ី និងប្រសិទ្ធភាពនៃបទបញ្ជារបស់លោក នៅអ៊ុយក្រែននោះទេ។ ប៉ុន្តែ ខាងវិមានក្រឹមឡាំងក៏មិនបានធ្វើអត្ថាធិប្បាយអ្វី ជុំវិញការលើកឡើងរបស់ សេតវិមាននោះដែរ៕