(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថាចក្រភពអង់គ្លេសមិនមានបំណងប្ដូររបបដឹកនាំ នៅក្នុងប្រទេសរុស្ស៊ី ឬក៏ បណ្ដេញលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចេញពីអំណាចនោះទេ តែមានគោលបំណងជួយការពារប្រជាជនអ៊ុយក្រែននៅក្នុងសង្រ្គាម តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

លោក ចូ បៃដិន កាលពីសប្ដាហ៍មុនក៏ធ្លាប់បានលើកឡើងដែរថាលោក ពូទីនមិនអាចបន្តកាន់អំណាចតទៅទៀតនោះទេ ដែលនេះបានបង្កឱ្យមាន ការចោទសួរថាតើនេះជាគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ឬជាផែនការប្ដូររបបដឹកនាំនៅរុស្ស៊ី ឬក៏យ៉ាងណា។ ប៉ុន្តែ ក្រោយមក ប្រធានាធិបតីអាមេរិករូបនេះបានអះអាងថាអ្វីដែលលោកបានលើកឡើងគឺនិយាយដោយកំហឹងផ្ទាល់ខ្លួន ចំពោះការឈ្លានពានរបស់រុស្ស៊ីលើ អ៊ុយក្រែន។

ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក បៃដិននេះដែរ, លោក ចនសុន បានសង្កត់ធ្ងន់ថាលោកយល់ពីអារម្មណ៍ដែល មនុស្សមួយចំនួនខកចិត្តលើលោក ពូទីន។ ថ្លែងទៅកាន់សមាជិកសភាអង់គ្លេស នៅថ្ងៃពុធសប្ដាហ៍នេះ លោក ចនសុន បានបញ្ជាក់ដូច្នេះថា «ការផ្លាស់ប្ដូររដ្ឋាភិបាលគឺជាកម្មវត្ថុមួយនៃដំណើរការ ឬនយោបាយប្រជាធិបតេយ្យ។ ប៉ុន្តែ វាមិនមែនជាកម្មវត្ថុ ឬគោលបំណងរបស់រដ្ឋាភិបាល អង់គ្លេស ហើយអ្វីដែលយើងកំពុងធ្វើគឺដើម្បីការពារប្រជាជនអ៊ុយក្រែនប្រឆាំងនឹងអំពើហិង្សា និងការឈ្លានពាន»

គួរបញ្ជាក់ថា បើតាមលោក បូរីស ចនសុន ទណ្ឌកម្ម ឬការដាក់សម្ពាធទាំងឡាយ គួរតែបន្តអនុវត្តលើលោក ពូទីន បើទោះជាបទឈប់បាញ់ ក៏ដោយ ពោលគឺទណ្ឌកម្មត្រូវតែបន្ត រហូតទាល់កងទ័ពរុស្ស៊ីទាំងអស់ដកចេញពីអ៊ុយក្រែន៕