(ហាណូយ)៖ អាជ្ញាធរវៀតណាមបានចេញដីកាចាប់ខ្លួនបុរសដែលជាអ្នកមានបំផុតម្នាក់របស់ប្រទេសនេះ ជុំវិញការចោទប្រកាន់ថា មហាសេដ្ឋីរូបនេះបានគ្រប់គ្រងចាត់ចែងទីផ្សារភាគហ៊ុន (Market manipulation)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuter ចេញផ្សាយ។

លោក Trinh Van Quyet ដែលជាម្ចាស់ក្រុមហ៊ុនដ៏ធំ FLC ដែលគ្រប់គ្រងរមណីយដ្ឋានប្រណីត ទីលានវាយកូនហ្គោល និងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways គឺជាអ្នកមានបំផុតម្នាក់ក្នុងប្រទេសកុម្មុយនីស្តមួយនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសន្តិសុខសាធារណៈវៀតណាមថា ដីកាចាប់ខ្លួនមហាសេដ្ឋីអាយុ ៤៦ឆ្នាំរូបនេះ ត្រូវបានចេញកាលពីល្ងាចថ្ងៃអង្គារដោយចោទប្រកាន់ថា លោកកំពុង «គ្រប់គ្រងចាត់ចែងទីផ្សារភាគហ៊ុន និងលាក់ព័ត៌មាននៅក្នុងសកម្មភាពភាគហ៊ុនកាលពីថ្ងៃទី១០ ខែមករា ដែលបណ្តាលឱ្យវិនិយោគិនខាតបង់យ៉ាងធ្ងន់ធ្ងរ និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពទីផ្សារភាគហ៊ុនវៀតណាម»។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានឱ្យដឹងដោយមិនផ្តល់ព័ត៌មានលម្អិតថា ក្រុមមន្រ្តីបានចាប់ផ្តើមឆែកឆេរទីតាំងចំនួន២១ ទីតាំងដើម្បីស្វែងរកភស្តុតាង រួមទាំងផ្ទះ និងការិយាល័យរបស់លោកផងដែរ។

លោក Quyet បានបង្កើតក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ក្នុងឆ្នាំ២០១៨ ដោយវិនិយោគប្រាក់រាប់ពាន់លានទៅលើតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីផ្សារអាកាសចរណ៍ចង្អៀតហើយនោះ។

ទោះបីជាមានការងឿងឆ្ងល់អំពីថា តើក្រុមហ៊ុនអាកាសចរណ៍នេះអាចជោគជ័យឬយ៉ាងណានោះ លោក Quyet បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងឆ្នាំ២០១៨ ថា ក្រុមហ៊ុនរបស់គាត់នឹង «ធំ» ដោយនឹងអាចទទួលបានប្រាក់ចំណេញច្រើន។

ក្រុមហ៊ុននេះបានពង្រីកខ្លួនយ៉ាងខ្លាំងបន្ទាប់ពីចាប់ផ្តើមការហោះហើរលើកដំបូងរបស់ខ្លួន នៅដើមឆ្នាំ ២០១៩ ហើយមានបំណងហោះហើរទៅកាន់គោលដៅអន្តរជាតិចំនួន៤០ នៅដើមឆ្នាំនេះ។

ក្រុមហ៊ុនអាកាសចរណ៍នេះមានចំណែកជិត ២០ភាគរយនៃទីផ្សារអាកាសចរណ៍របស់ប្រទេសវៀតណាម ដោយស្ថិតក្រោមតែក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines និងក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Vietjet ប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕