(វ៉ាស៊ីនតោន)៖ សង្រ្គាមអ៊ុយក្រែន នាពេលបច្ចុប្បន្ន និងការសម្លុតគំរាមរបស់រុស្ស៊ីលើបណ្ដាប្រទេសមួយចំនួនជាសមាជិក NATO គួបផ្សំនឹងការ កើនឡើងនៃឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី បានបង្ហាញឱ្យឃើញថាសហរដ្ឋអាមេរិកកំពុងប្រឈមមុខការជ្រើសរើសដ៏លំបាកនូវយុទ្ធសាស្ត្រ ២ នោះគឺទី១ ចាំបាច់ត្រូវកំញើញចិនកុំឱ្យធ្វើអ្វីផ្ដេសផ្ដាស ដើម្បីមានឱកាសទប់ទល់នឹងរុស្ស៊ី និងទី២ ត្រូវប្រយុទ្ធជាមួយមហាយក្សដូចជារុស្ស៊ី និងចិន ក្នុងពេលតែមួយ នៅពេលអនាគត។

ជាការពិតរឿងដែលគេមិនអាចប្រកែកបាន នោះគឺអាមេរិកជាកំពូលមហាអំណាចយោធាដែលមានផលប្រយោជន៍ និងមានទំនួលខុសត្រូវនៅ
ទូទាំងពិភពលោក ក្នុងការការពារសម័ន្ធមិត្ត ហើយអាចប្រើប្រាស់ដោយសេរីនូវសមុទ្រអន្តរជាតិ, ដែនអាកាស, ទីអវកាស និង cyberspace។ តែ បើតាមក្រុមអ្នកជំនាញ ទោះគឺជាកំពូលមហាអំណាចយោធាផុតលេខ តែជាយុទ្ធសាស្ត្រល្អ អាមេរិកមិនអាច ហើយក៏មិនត្រូវប្រយុទ្ធជាមួយ គូប្រជែងដ៏មានសក្ដានុពលដូចជារុស្ស៊ី និងចិនក្នុងពេលតែមួយនោះដែរ។ ពោលគឺវាជាសំណាងល្អ ដែលខណៈរុស្ស៊ីកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ហើយពិភពលោកកំពុងផ្តោតលើសង្រ្គាមនេះ រីឯចិនមិនឆ្លៀតឱកាសប្រើកម្លាំងយោធាវាយយកកោះតៃវ៉ាន់។

នេះអាចជាហេតុផលមួយនៅពីក្រោយការប្រកាសពីជាច្រើនលើករបស់លោក បៃដិន ថាសហរដ្ឋអាមេរិកនឹងមិនធ្វើសង្រ្គាមដោយផ្ទាល់ជាមួយ រុស្ស៊ី ដោយសារតែសង្រ្គាមនៅអ៊ុយក្រែនទេ។ ចាប់តាំងពីសម័យសង្រ្គាមត្រជាក់ មកដល់សង្រ្គាមរយៈពេល ២០ឆ្នាំនៅអាហ្វហ្កានីស្ថានដែលបាន បិទបញ្ចប់កាលពីខែសីហា ឆ្នាំ២០២១កន្លងទៅ សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាមានបទពិសោធន៍ខាងសង្រ្គាមច្រើនជាងចិន និងរុស្ស៊ី តែភាគច្រើនវាជា «សង្រ្គាមប្រឆាំងភេរវកម្ម» ប៉ុណ្ណោះ។

ស្របពេលអាមេរិកប្រឡូកក្នុងវិស័យសង្រ្គាមយ៉ាងជោគជាំ រុស្ស៊ី ជាពិសេសគឺ ចិនក៏មិនទំនេរដៃដែរ ដោយបានបង្កើនការចំណាយលើកញ្ចប់ថវិកា យោធាពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបង្កើតតុល្យភាពកម្លាំងយោធាជាមួយសហរដ្ឋអាមេរិក។ យោធាចិនមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស តួយ៉ាងដូច ការផលិតនាវាចម្បាំងតែម្ដង។ កាលពីឆ្នាំ២០២០ កងទ័ពជើងទឹកចិនបានក្លាយជាកងទ័ពជើងទឹកធំជាងគេបំផុតនៅលើពិភពលោក ដោយមាន នាវាជិត ៣៦០គ្រឿង បើធៀបនឹងសហរដ្ឋអាមេរិក មាន ២៩៧គ្រឿង។ មួយវិញទៀត, បើតាមលោក ស៊ី ជិនពីង យោធាចិនត្រូវតែធ្វើទំនើបកម្ម ឱ្យបាននៅមុនឆ្នាំ២០៣៥ មុននឹងក្លាយជា «យោធាលំដាប់ពិភពលោក» នៅមុនឆ្នាំ២០៤៩ ដែលមានសមត្ថភាពប្រយុទ្ធ និងយកឈ្នះក្នុងសមរភូមិ សង្រ្គាម។

ដោយឡែក បើនិយាយពីរុស្ស៊ីវិញ, សមត្ថភាពយោធារុស្ស៊ីកំពុងត្រូវបានបង្ហាញនៅលើឆាកអន្តរជាតិហើយ តាមរយៈសង្រ្គាមអ៊ុយក្រែន។ អាមេរិក នៅតែនាំមុខរុស្ស៊ីខាងយោធា តែមានសមត្ថភាពយោធាមួយចំនួន រុស្ស៊ីដើរមុនសហរដ្ឋអាមេរិកដែរ។ ជាឧទាហរណ៍, អាមេរិកមានរថក្រោះជិត ៦,០០០គ្រឿង, រុស្ស៊ីមានដល់ទៅជាង ១២,០០០គ្រឿង ហើយព្រមទាំងមានសមត្ថភាពតាក់ទិកនុយក្លេអ៊ែរលើសសហរដ្ឋអាមេរិក ឬ ១០ ទល់នឹង ១។

លើសពីនេះទៅទៀត, រឿងដែលគេមិនត្រូវភ្លេច, នោះគឺអ៉ីរ៉ង់ និងកូរ៉េខាងជើង ក៏មានមីស៊ីលអាចនឹងបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិអាមេរិក ផងដែរ។ បើនិយាយពីគុណភាពយោធា អាមេរិកនៅតែមិនទាន់មានគូប្រជែងក៏ពិតមែន តែទំហំ ឬបរិមាណយោធាកំពុងស្ថិតនៅចំណុចទាបមួយ មិនធ្លាប់មាន ហើយដែលនេះអាចនឹងធ្វើឱ្យយោធាអាមេរិកមានសមត្ថភាពមានដែនកំណត់ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងច្រើន ក្នុងពេលតែមួយ។ នេះឯងជាក្ដីកង្វល់ ជាពិសេសនៅពេលដែលអាមេរិកសម្រេចចិត្តចូលរួមនៅក្នុងជម្លោះ តែមិនចង់ឱ្យប៉ះពាល់ដល់ប្រយោជន៍ របស់ខ្លួនក្នុងតំបន់ដទៃណាមួយ។

ជាឧទាហរណ៍ ប្រសិនបើសហរដ្ឋអាមេរិក សម្រេចចិត្តធ្វើសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី ដោយប្រការណាមួយ នោះទីក្រុងវ៉ាស៊ីនតោននឹងត្រូវតែ ប្រមូលធនធាន និងកងទ័ពមកពីគ្រប់ទិសទី បញ្ជូនទៅកាន់តំបន់អឺរ៉ុប ហើយដើម្បីអាចធ្វើបែបនេះបាន អាមេរិកត្រូវតែដកទ័ពចេញពីគ្រប់តំបន់ ក្នុងនោះរួមមានទាំងមកពីតំបន់ប៉ាស៊ីហ្វិកខាងលិច ជាទីដែលរដ្ឋបាលលោក បៃដិន កំពុងប្រឹងប្រែងខ្ទប់ឥទ្ធិពលចិនក្រោម យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក។

នៅត្រង់ចំណុចនេះដែរ, របាយការណ៍ប្រចាំឆ្នាំរបស់វិទ្យាស្ថានអាមេរិក Heritage Foundation ក្រោមចំណងជើងថា «សន្ទស្សន៍អនុភាព យោធាអាមេរិកក្នុងឆ្នាំ២០២២» (2022 Index of U.S. Military Strength) បានវាយតម្លៃថាយោធាអាមេរិកគ្រាន់តែសមត្ថភាពល្មម ក្នុងការការ ពារប្រយោជន៍សន្តិសុខជាតិសំខាន់ៗរបស់ខ្លួនតែប៉ុណ្ណោះ ហើយអាចនឹងជួបផលវិបាកក្នុងការប្រឈមមុខជាមួយគូប្រជែងជាមហាអំណាច ២ ក្នុងពេលតែមួយ។

បើតាម Heritage Foundation កត្តាដែលគួរឱ្យបារម្ភជាងគេ នោះគឺចំនួនកងទ័ព ដោយរបាយការណ៍ដដែលក៏បានវាយតម្លៃដែរថាក្រៅតែពីពឹង មួយផ្នែកលើសម្ព័ន្ធមិត្ត និងអាវុធនុយក្លេអ៊ែរ, សហរដ្ឋអាមេរិកត្រូវតែពង្រឹងសមត្ថភាពយោធាទាំងនេះ ដើម្បីអាចប្រឈមមុខនឹងការគំរាមកំហែង ច្រើនព្រមៗគ្នា ដូចជា៖

* យោធាអាមេរិកត្រូវតែបង្កើនឱ្យដល់ ៥០កងពល ខណៈបច្ចុប្បន្នមាន ៣១កងពល។
* កងទ័ពជើងទឹកត្រូវតែមាននាវាចម្បាំងយ៉ាងហោច ៤០០គ្រឿង ធៀបនឹងបច្ចុប្បន្នមាន ២៩៧គ្រឿង។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើសុំការអនុម័តកញ្ចប់ថវិកាទំហំ ៨១៣ពាន់លានដុល្លារ ពីសភា ដើម្បីយកទៅប្រើប្រាស់ក្នុងក្រសួងការពារជាតិ និងសម្រាប់កម្មវិធីផ្សេងៗទៀត ពាក់ព័ន្ធនឹងវិស័យការពារជាតិ។ កញ្ចប់ថវិកាខាងលើ សម្រាប់ឆ្នាំសារពើពន្ធ២០២៣ គឺមានទំហំលើសពីកញ្ចប់ថវិកាការពារជាតិ ដែលសភាអាមេរិកបានអនុម័ត សម្រាប់ឆ្នាំសារពើពន្ធ២០២២នេះ ចំនួន៣០ពាន់លានដុល្លារ ហើយក្នុងនោះ ៧៧៣ពាន់លានដុល្លារ នឹងត្រូវបែងចែកសម្រាប់មន្ទីរបញ្ចកោណ។

សេតវិមានបានស្នើសុំថវិកា៥៦.៥ពាន់លានដុល្លារ សម្រាប់ផ្នែកកងទ័ពអាកាស, ៤០.៨ពាន់លានដុល្លារ សម្រាប់ផ្នែកកងទ័ពជើងទឹក, ១២.៦ពាន់លានដុល្លារ សម្រាប់ផ្នែកកងទ័ពជើងគោកនិងកងម៉ារីន ព្រមទាំង៣៣.៤ពាន់លានដុល្លារ សម្រាប់ធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ, ២៤.៧ពាន់លានដុល្លារ សម្រាប់កម្មវិធីប្រព័ន្ធការពារមីស៉ីល, និង២៧.៦ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធប្រកាសអាសន្ន និងតាមដានមីស៉ីលពីទីអវកាស ក៏ដូចជាការនាំយកបរិក្ខាយោធាឡើងទីអវកាស។ រីឯការងារសិក្សាស្រាវជ្រាវ និងអភិវឌ្ឍនៃវិស័យការពារជាតិ ក៏នឹងទទួលបាន១៣០ពាន់លានដុល្លារ ផងដែរ៕

ប្រភព៖Heritage Foundation (ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២)