(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃពុធនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ២,៦៩៧នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានឡាវ Loatian Times នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន ២,៦៨១នាក់ ជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង១៦នាក់ ករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ១,២០៤ករណី។ ជាមួយគ្នានេះ មនុស្ស ៣៨៤នាក់ ក៏ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ១៧៤,១៣៦នាក់ ក្នុងនោះស្លាប់ ៦៦៤នាក់។ ប្រជាជនឡាវជាង៦១ភាគរយ ឬស្មើនឹង ៤.៤៤លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស៕