(ហ្ស៉ឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋអ៊ុយក្រែនកើនដល់ជាង ៤លាននាក់ហើយ គឺលើសពីការព្យាករកន្លងមកទៅទៀត ដែលបានរត់ភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ ក្រោយប្រតិបត្តិការយោធារបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

យោងតាមរបាយការណ៍ចុងក្រោយបំផុត របស់ទីភ្នាក់ងារជនភៀសខ្លួនរបស់ UN គឺ UNHCR ចំនួនជនភៀសខ្លួនសរុប ដែលបានរត់គេចពីប្រទេសអ៊ុយក្រែន គិតត្រឹមថ្ងៃទី២៩ ខែមីនា គឺ៤.០២លាននាក់ ហើយពាក់កណ្តាលក្នុងចំណោមនោះ បានភៀសខ្លួនចូលទៅកាន់ប្រទេសប៉ូឡូញ។

ពីដំបូងឡើយ ទីភ្នាក់ងារ UNHCR បានប៉ាន់ប្រមាណថា ចំនួនជនភៀសខ្លួនអ៊ុយក្រែន ដែលនឹងរត់ចេញពីប្រទេស ដោយសារតែសង្រ្គាម អាចកើនដល់ចំនួនត្រឹម៤លាននាក់ ប៉ុន្តែមកទល់ឥឡូវ គឺរយៈ៥សប្តាហ៍ក្រោយការវាយប្រហាររបស់រុស្ស៉ី គឺតួលេខបានកើនហួស ៤លាននាក់បាត់ទៅហើយ។ ជាមួយគ្នានេះ មនុស្សជាង៦លាននាក់ទៀត ក៏បានព្រាត់ប្រាស់ពីផ្ទះសម្បែងផងដែរ នៅក្នុងប្រទេសអ៊ុយក្រែនផ្ទាល់៕