(ប៉េកាំង)៖ ទំនាក់ទំនងកម្ពុជាចិនត្រូវបានពង្រឹងពង្រីកឥតឈប់ឈ ពីមួយជំនាន់ទៅមួយជំនាន់ ហើយអ្នកណាៗ ក៏ដឹងដែរថា ប្រទេសចិន និងកម្ពុជាគឺជាមិត្តដែកថែបគ្រប់រដូវកាល។ ជាក់ស្តែងព្រឹត្តិការណ៍ថ្មីៗ នៃវិបត្តិកូវីដ-១៩នេះ អ្វីដែលធ្វើឱ្យប្រជាជនកម្ពុជា កាន់តែមានចងចាំមិនភ្លេចនោះ គឺចិនបានផ្តល់ជំនួយវ៉ាក់សាំងការពារកូវីដ-១៩ និងសម្ភារៈបរិក្ខាពេទ្យជាច្រើន មកឱ្យកម្ពុជាជាបន្តបន្ទាប់ និងទាន់ពេលវេលា ស្របពេលដែលពិភពលោក ក៏ដូចជា ប្រទេសកម្ពុជាកំពុងរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ-១៩ មិនបន្ធូដៃឡើយ។

បើនិយាយអំពីវ៉ាក់សាំងរបស់ចិន គិតមកដល់ពេលនេះ ប្រទេសចិនបានសម្រេចផ្តល់ជួនដល់ប្រទេសកម្ពុជា ប្រមាណ៥៧លានដូសហើយ ក្នុងនោះមានជំនួយជាង២៨លានដូស និងការបញ្ជាទិញរបស់កម្ពុជា ពីរដ្ឋាភិបាលចិនមានប្រមាណ២៩លានដូស។ ដោយវ៉ាក់សាំងទាំងអស់នេះ ត្រូវបានបញ្ជូនមកកម្ពុជាជាបន្តបន្ទាប់ និងតំណាក់កាលផ្សេងៗគ្នា។ វ៉ាក់សាំងដែលផលិតនៅប្រទេសចិនគឺ SINOPHARM និង SINOVAC។

លោកបណ្ឌិត ជិន សុជាតិមន្ត្រីស្រាវជ្រាវប្រវត្តិសាស្ត្រ នៃវិទ្យាស្ថានសិក្សាចិន រាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញការយល់ឃើញថា ជំនួយវ៉ាក់សាំងរបស់ចិន នឹងធ្វើឱ្យប្រជាជនកម្ពុជាមានការចងចាំ និងអគុណចំពោះប្រទេសចិន ព្រមទាំងបានបង្ហាញកាន់តែច្បាស់ពីទំនាក់ទំនង ដ៏ល្អនៃប្រទេសទាំងពីរ។

លោកបណ្ឌិតបន្តថា នៅក្នុងកំឡុងពេលដែលកម្ពុជាមានវិបត្តិកូវីដ-១៩ រំខានដល់ការរស់នៅ ផ្នែកសេដ្ឋកិច្ច និងគម្រាមដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលចិនបានផ្តល់វ៉ាក់សាំងមុនគេ និងទាន់ពេលវេលា ដែលនេះបង្ហាញឱ្យឃើញពីទំនាក់ទំនង និងទឹកចិត្ត ដ៏ល្អប្រពៃរបស់ភាគីចិនមកលើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ការផ្ដល់ជំនួយវ៉ាក់សាំងនេះ លោកបណ្ឌិតបានប្រៀបប្រដូចទៅនឹងពាក្យខ្មែរមួយថា មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន ពោលគឺពេលដែលយើងមានបញ្ហាអ្វីមួយ បើមានមិត្តភក្តិណាជួយយើងមុនគេ គឺអាចចាត់ទុកថា មិត្តភក្តិនោះមិត្តដ៏ល្អហើយ។

សំឡេង៖ «ការផ្ដល់ជំនួយវ៉ាក់សាំងរបស់ចិនមកកម្ពុជាមានចំនួនច្រើន។ បើមានវ៉ាក់សាំងច្រើនបែបនេះ នោះការចាក់ជូនទៅលើចំនួនប្រជាពលរដ្ឋ ក៏បានច្រើនដែរ ។ ពេលនោះអ្នកចាក់វ៉ាក់សាំងពិតជាបានដឹងច្បាស់ថា វ៉ាក់សាំងដែលគេបានចាក់នោះ ជាប្រភេទវ៉ាក់សាំងអ្វី ផលិតនៅប្រទេសណា បើគេចាក់វ៉ាក់សាំង SINOPHARM ឬ SINOVAC គឺគេនឹងនឹកឃើញថា វ៉ាក់សាំងនោះផលិតនៅប្រទេសចិន ដែលបានផ្តល់ដល់កម្ពុជា។ នេះគឺជាការចងចាំល្អៗ របស់ប្រជាជនកម្ពុជាទៅលើទង្វើរបស់ប្រទេសចិន»

ក្នុងឱកាសអញ្ជើញទៅទទួលវ៉ាក់សាំង ១.៥លានដូសពីប្រទេសចិន នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៃកម្ពុជា បានមានប្រសាសន៍ថា ចិនជាប្រទេសផ្តល់វ៉ាក់សាំងដល់កម្ពុជា ជាយុទ្ធសាស្ត្រ ពោលគឺក្នុងចំណោមដៃគូ និងប្រទេសជាមិត្តនានារបស់កម្ពុជា គឺមិនមានប្រទេសណាបានផ្តល់វ៉ាក់សាំងការពារកូវីដ១៩ ឱ្យមកកម្ពុជាច្រើនដូចប្រទេសចិនទេ។ ដោយសារតែមានការគិតគូរ និងដឹកនាំប្រកបដោយភាពឆ្លៀសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី បានខិតខំស្វះស្វែងរកវ៉ាក់សាំងការពារកូវីដ១៩ ចាក់ស្រោចជូនប្រជាពលដ្ឋ ចាប់ពីកុមារអាយុ៣ឆ្នាំឡើងទៅ រហូតដល់ក្រុមមនុស្សវ័យចំណាស់ ដែលធ្វើឱ្យគ្រប់រាជធានីខេត្តទូទាំងប្រទេស មានភាពស៊ាំទៅ និងមេរោគកូវីដ-១៩នេះ។ ប្រជាពលរដ្ឋអាចរៀនរស់នៅក្នុងបរិបទថ្មី ដោយអនុវត្តវិធានការ៣កុំ៣ការពារ។

បើតាមក្រសួងសុខាភិបាលវ៉ាក់សាំងបានដើរតួនាទីសំខាន់ណាស់ ក្នុងការធ្វើឱ្យមានភាពស៊ាំក្នុងសិរី រាង្គកាយមនុស្ស បើឆ្លងកូវីដ១៩ គឺអាចកាត់បន្ថយការឈឺធ្ងន់ធ្ងរ និងកាត់បន្ថយការស្លាប់បានកម្រិតខ្ពស់។ បើទោះបីជាជំងឺកូវីដ១៩ នៅតែបន្តកើតមាននៅកម្ពុជាយ៉ាងណាក្តី តែចរន្តនៃដំណើរការសេដ្ឋកិច្ច និងសកម្មភាពសង្គមផ្សេងៗ បានវិលមករកភាពប្រកតីដូចមុនពេលជួបវិបត្តិកូវីដ-១៩វិញហើយ។

ការគ្រប់គ្រងបាននូវជំងឺកូវីដ១៩នៅកម្ពុជានេះ គឺពិតណាស់មិនអាចកាត់ផ្តាច់ពីជំនួយបរិក្ខាវេជ្ជសាស្រ្ត បច្ចេកទេស និងជំនួយវ៉ាក់សាំងរបស់ចិនបានទេ ខណៈដែលកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចិនជាប្រទេសដែលផ្តល់វ៉ាក់កូវីដ១៩មិនចេះរីងស្ងួត ហើយថែមទាំងបានយកប្រទេសចិន ជាបង្អែកយុទ្ធសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ ហើយប្រភពផ្សេងៗទៀត ជាប្រភពគាំទ្រ។

ចំណែកឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាវិញ ក៏ធ្លាប់បានប្រកាសដែរថា ដរាបណាកូវីដ-១៩នៅតែមាន ដរាបនោះប្រទេសចិននៅតែផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជារហូត។

សរុបសេចក្តីមក ជំនួយនិងការគាំទ្ររបស់ចិន មកលើកម្ពុជាជាបន្តបន្ទាប់នេះ ពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីជម្រៅទឹកចិត្តរបស់មិត្តចិន ដែលបានគិតគូ សហការគាំទ្រដល់ប្រជាជន និងប្រទេសកម្ពុជានៅគ្រប់កាលៈទេសៈ និងគ្មានលក្ខខណ្ឌ។ ពោលគឺប្រទេសចិនជាមិត្តល្អ ដែលចេះជួយគ្នាក្នុងគ្រាមានអាសន្ន។ ទង្វើដ៏ល្អ ប្រកបដោយភាពទន់ភ្លន់របស់មិត្តចិននេះហើយ បានញ៉ាំងឱ្យប្រជាជនកម្ពុជាកាន់តែស្គាល់ និងចងចាំជាប្រវត្តិសាស្ត្រតាមរយៈការផ្ដល់វ៉ាក់សាំង ដ៏ច្រើនលើសលុបសម្រាប់ចាក់ជូន ប្រជាពលរដ្ឋកម្ពុជាក្នុងសម័យកាលកូវីដ១៩នេះ៕

(អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន)