(ប៉េកាំង)៖ កាលពីថ្ងៃទី២៩ ខែមីនា លោក វ៉ាង អ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ លោក Josep Borrell តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយការទូត និងសន្តិសុខនៃសហភាពអឺរ៉ុប។

លោក Josep Borrell បានរំលឹកឡើងវិញថា សហភាពអឺរ៉ុបប្រកាន់ខ្ជាប់ គោលនយោបាយចិនតែមួយ។ សង្គ្រាមនៅអ៊ុយក្រែននៅតែបន្តកើតឡើង ហើយបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សហភាពអឺរ៉ុប និងទូទាំងពិភពលោក។ សហភាពអឺរ៉ុបសង្ឃឹមថា ភាគីចិនអាចដើរតួនាទីសំខាន់ ក្នុងការជំរុញការសម្រេចបាននូវសន្តិភាព។

ជាការឆ្លើយតប លោក វ៉ាង អ៊ី បានលើកឡើងថា ភាគីចិនមានភាពសោកស្តាយនិងឈឺចាប់ ដោយសារភ្លើងសង្គ្រាមនៅអ៊ុយក្រែនមិនទាន់ស្ងប់។ ភាគីចិនឈរនៅខាងសន្តិភាព ខាងកិច្ចសន្ទនានិងខាងបន្ធូរភាពប៉ះទង្គិច។ ការដោះស្រាយបញ្ហាសន្តិសុខដ៏ស្មុគស្មាញ មិនអាចប្រើវិធីងាយៗដែលមិនមែនជាមិត្តគឺជាសត្រូវ មិនមែនជាពណ៌សគឺជាពណ៌ខ្មៅនោះទេ។ ប្រទេសនានាមានសិទ្ធិសម្រេចគោលនយោបាយការទូតរបស់ខ្លួន ដោយឯករាជ្យនិងម្ចាស់ការ។ ការដាក់ទណ្ឌកម្មជាអតិបរមាបាន ត្រឹមតែធ្វើឱ្យខូចប្រយោជន៍ទៅវិញទៅមកតែប៉ុណ្ណោះ។ ទង្វើដែលធ្វើឱ្យប្រទេសនិងប្រជាជនមិនមែនភាគីសាមី រងផលប៉ះពាល់ពីការប៉ះទង្គិច គឺមិនយុត្តិធម៌និងមិនស្របច្បាប់ទេ។ ភាគីចិនរីករាយរួមជាមួយភាគីនានា ដើម្បីដោះស្រាយការប៉ះទង្គិចហើយ ទ្វីបអឺរ៉ុបស្តារសន្តិភាពឡើងវិញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។

លោក Josep Borrell បានថ្លែងថា សហភាពអឺរ៉ុបមិនស្វែងរក ការកែប្រែប្រព័ន្ធនយោបាយរបស់រុស្ស៊ីទេ ហើយក៏មិនចង់មើលឃើញស្ថានការណ៍ឡើងកម្តៅដែរ ហើយប្រឆាំងយ៉ាងដាច់ខាតនូវ សង្រ្គាមប្រជាក់ថ្មីនិងបដិបក្ខជាក្រុម ទោះតាមទម្រង់ណាក្តី៕