(ប៉េកាំង)៖ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមីនា ឯកឧត្តម វ៉ាងអ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃប្រទេសជិតខាងអាហ្វហ្កានីស្ថានលើកទី៣ នៅទីក្រុង Tun Xi ខេត្ត Anhui ប្រទេសចិន ដើម្បីពិគ្រោះពិភាក្សាអំពីគម្រោងប្រទេសជិត ខាងក្រោមគោលបំណងរួមគ្នាជំរុញ ស្ថានការណ៍អាហ្វហ្គានីស្ថានឱ្យមានភាពនឹងនរ ក៏ដូចជាគាំទ្រនិងជួយដល់ប្រជាជនអាហ្វហ្កានីស្ថាន ក្នុងដំណាក់កាលក្រោយ។

ក្នុងការបំពេញទស្សនកិច្ចនៅប្រទេសអាស៊ីជាច្រើនរបស់ឯកឧត្តម ដែលទើបបានបញ្ចប់នោះ អាហ្វហ្កានីស្ថានជាគោលដៅដ៏សំខាន់មួយ។ នេះហើយក៏ជាលើកទីមួយដែលមន្រ្តីជាន់ខ្ពស់នៃភាគីចិនទៅបំពេញទស្សនកិច្ច ក្រោយពីរដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន បានបង្កើតឡើងផងដែរ។ ចំណុចនេះអាចបង្ហាញអោយឃើញថា ភាគីចិនបាននិងកំពុងធ្វើការខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការស្តារឡើងវិញដោយសន្តិភាពរបស់អាហ្វហ្កានីស្ថាន សង្ឃឹមដោយស្មោះត្រង់ថា ប្រទេសដែលរងទុក្ខបុកម្នេញពីសង្គ្រាមនេះ អាចមានភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ។

ក្រោយពីកងទ័ពអាមេរិកបានដកចេញយ៉ាងប្រញាប់កាលពីខែសីហាឆ្នាំទៅមិញ អាហ្វហ្កានីស្ថានបានបញ្ចប់សង្គ្រាម ដែលបានដំណើរការអស់រយៈពេល២០ឆ្នាំ ហើយបានឈានចូលរយៈពេលជាគន្លឹះក្នុងការប្រែប្រួលពី ភាពច្របូកច្របល់ទៅជាអភិបាលភាព។ ផ្នែកមួយ រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន បានចាប់ផ្តើមការអភិបាលក្នុងប្រទេស ដើម្បីអោយសហគមន៍អន្តរជាតិទទួលស្គាល់និងទទួលយក។ ផ្នែកមួយទៀត អង្គការរដ្ឋអ៊ីស្លាមជាដើមនៅតែធ្វើការវាយប្រហារភេរវកម្មនិយម ជាញឹកញយនៅដែនអាហ្វហ្កានីស្ថាន។ ថែមទាំងប្រទេសអាមេរិកដែលជាអ្នកបង្កវិបត្តអាហ្វហ្កានីស្ថានមុនគេ បានប្លន់ប្រាក់ទុនប្រហែលចំនួន ៧ពាន់លានដុល្លារអាមេរិក របស់អាហ្វហ្កានីស្ថាន បណ្តាលអោយអាហហ្វហ្កានីស្ថានជួបកង្វះខាតខាងហិរញ្ញវត្ថុ ហើយក្នុងការទប់ទល់និងស្ថានភាពជំងឺកូវីដ១៩ និងការកែសម្រួលជីវភាពរស់នៅជាដើម សុទ្ធតែជួបបញ្ហាប្រឈមឥតឈប់ឈរ។

ក្នុងនាមជាប្រទេសជិតខាងដ៏មេត្រីភាពរបស់អាហ្វហ្កានីស្ថាន និងជារដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិនបានដើរតួនាទីទៅតាមលទ្ធភាព និងសមត្ថភាពក្នុងការស្តារឡើងវិញដោយសន្តិភាពរបស់អាហ្វហ្កានីស្ថាន ។ ក្នុងមួយឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន បានចូលរួមក្នុងសន្និសីទកំពូលចំរុះស្តីពីបញ្ហាអាហ្វហ្កានីស្ថាន នៃអ្នកដឹកនាំប្រទេសជាសមាជិកនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃនិងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ដោយបានលើកឡើងនូវការផ្តើមគំនិត៣ចំណុច ដែលរួមមានការជំរុញស្ថានការណ៍អាហ្វហ្កានីស្ថាន ឱ្យមានភាពនឹងនរក្នុងពេលឆាប់ៗ ធ្វើការប្រាស្រ័យទាក់ទងនិងកិច្ចសន្ទនាជាមួយអាហ្វហ្កានីស្ថាន និងជួយប្រជាជនអាហ្វហ្កានីស្ថានឱ្យ ចេញផុតពីកាលៈទេសៈដ៏លំបាកជាដើម ដែលបានចង្អុលបង្ហាញទិសដៅយ៉ាងច្បាស់លាស់ ក្នុងការស្តារឡើងវិញដោយសន្តិភាពរបស់អាហ្វហ្កានីស្ថាន។

ពីការផ្តល់ជំនួយជាស្បៀងអាហារ ឱសថ និងគ្រឿងសម្ភារៈប្រើប្រាស់ក្នុងរដូវរងា ដែលមានតំលៃជាង៥០លានដុល្លារអាមេរិក ដល់អាហ្វហ្កានីស្ថាន រហូតដល់ការទិញគ្រាប់ Pine nuts ដោយជួលជើងយន្តហោះ ៣៦លើក ដោយបាននាំមកចំណូលជាង ២២លានដុល្លារអាមេរិក ដល់អាហ្វហ្កានីស្ថាន ប្រទេសចិនបាននិងកំពុងជួយប្រជាជនអាហ្វហ្កានីស្ថាន ឱ្យចេញផុតពីភាពលំបាកដោយប្រតិបត្តិការជាក់ស្តែង ។

ប្រទេសចិនជាប្រទេសខ្លាំងតែមួយគត់ ដែលមិនបានបង្កផលប៉ះពាល់ដល់អាហ្វហ្កានីស្ថាននោះទេ នេះជាឃ្លាមួយដែលប្រជាជនអាហ្វហ្កានីស្ថានតែងតែនិយាយ ហើយក៏ជាតថភាពពិតប្រាកដនៃមេត្រីភាពយូរអង្វែង រវាងចិននិងអាហ្វហ្កានីស្ថានផងដែរ។ ក្នុងនាមជាប្រទេសជិតខាង ភាគីចិនយល់ឃើញថា ប្រជាជនអាហ្វហ្កានីស្ថាន ចាំបាច់ត្រូវក្តាប់ជោគវាសនារបស់ខ្លួន កម្លាំងខាងក្រៅមួយណាក៏មិនអាចប្រើប្រាស់អាហ្វហ្កានីស្ថានមកទទួល ផលប្រយោជន៍របស់ខ្លួនបានទេ។

សន្និសីទរដ្ឋមន្ត្រីការបរទេស នៃប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថានលើកទី៣ ដែលជិតនឹងបើកធ្វើ និងធ្វើជាសក្ខីភាពបញ្ជាក់ម្តងទៀតថា ភាគីចិនជាមិត្តភក្តិពិតប្រាកដដែលសង្ឃឹមថា អាហ្វហ្កានីស្ថាននឹងមានភាពល្អប្រសើរឡើង ហើយក៏ជាកម្លាំងវិជ្ជមានដែលគាំទ្រ សន្តិភាពពិភពលោកជាប់ជានិច្ចផងដែរ៕