(សេអ៊ូល)៖ មន្រ្តីយោធារបស់ទីក្រុងសេអ៊ូល នៅថ្ងៃពុធនេះ បាននិយាយថា ប្រទេសកូរ៉េខាងជើង មិនបានប្រើប្រាស់មីស៊ីលផ្លោងអន្តរទ្វីប ICBM ស៊េរីថ្មី ដែលក្រុមអ្នកវិភាគដាក់រហស្សនាមឱ្យថា «មីស៉ីលកំណាច» នៅក្នុងការបាញ់តេស្តរបស់ខ្លួន កាលពីសប្តាហ៍មុននោះឡើយ ដែលតាមពិតការសាកល្បងនោះ គឺទំនងប្រើប្រាស់មីស៊ីល ICBM ស៊េរីចាស់ ដែលទីក្រុងព្យុងយ៉ាងធ្លាប់បានធ្វើតេស្ត កាលពីឆ្នាំ២០១៧ ឯណោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃសុក្រសប្តាហ៍មុន បានអះអាងថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវ មីស៊ីល ហាសុង-១៧ (Hwasong-17) ជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) រយៈចម្ងាយឆ្ងាយ ដែលត្រូវក្រុមអ្នកវិភាគនិយាយថា អាចផ្ទុកក្បាលគ្រាប់បានច្រើន ខណៈវាបានបង្ហាញខ្លួនជាលើកដំបូងបំផុត ក្នុងក្បួនព្យុហយាត្រាយោធារបស់កូរ៉េខាងជើង កាលពីឆ្នាំ២០២០។ យ៉ាងណាមិញ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល សន្និដ្ឋានថា ការបាញ់តេស្តនាពេលនោះគឺ កូរ៉េខាងជើងប្រើមីស៊ីល Hwasong-15 ដែលខ្លួនធ្លាប់បានបាញ់តេស្ត កាលពីឆ្នាំ២០១៧ រួចមកហើយ មិនដូចអ្វីដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អះអាងនោះទេ។

មន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ AFP យ៉ាងដូច្នេះថា «ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងកូរ៉េខាងត្បូង បានសន្មត់ថា មីស៊ីល Hwasong-15 គឺជាប្រភេទមីស៉ីល ដែលត្រូវបានបាញ់តេស្ត កាលពីថ្ងៃទី២៤ ខែមីនា»។ ទោះជាបែបនេះក្តី ទាំងមីស៉ីល Hwasong-15 និង Hwasong-17 សុទ្ធតែត្រូវគេជឿថា អាចមានលទ្ធភាពបាញ់ដល់សហរដ្ឋអាមេរិក។

ភ្លាមៗក្រោយការធ្វើតេស្ត ទីក្រុងសេអ៊ូលនិងទីក្រុងតូក្យូ បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា មីស៊ីលដែលធ្វើតេស្ត កាលពីថ្ងៃទី២៤ ខែមីនា ហោះឡើងបានកម្ពស់ខ្ពស់ និងធ្វើដំណើរបានឆ្ងាយ ជាងការសាកល្បងមុនៗ ប៉ុន្តែក្រោយមក ក្រុមអ្នកវិភាគក៏បានរកឃើញផងដែរនូវ ភាពមិនប្រក្រតីមួយចំនួន នៅក្នុងវិដេអូនៃការធ្វើតេស្តមីស៉ីល ដែលកូរ៉េខាងជើងបានចេញផ្សាយ។ ការកុហកនេះ គឺក្រុមអ្នកវិភាគយល់ថា ទំនងជាការប៉ុនប៉ងប៉ះប៉ូវ ភាពបរាជ័យរបស់កូរ៉េខាងជើង ក្នុងការបាញ់តេស្តមីស៉ីលមួយគ្រាប់ផ្សេងទៀត កាលពីថ្ងៃទី១៦ ខែមីនា ដែលបានផ្ទុះភ្លាមៗ ក្រោយការសាកល្បង ហើយពួកគេជឿថា មីស៉ីលនោះទើបជា មីស៉ីលផ្លោង Hwasong-17 ពិតប្រាកដ៕