(មូស្គូ)៖ អវកាសយានិកអាមេរិកម្នាក់ និងអវកាសយានិករុស្ស៉ី២នាក់ នឹងត្រូវជិះយានអវកាសរួមគ្នា ដើម្បីចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS ហើយត្រឡប់ចុះមកកាន់ផ្ទៃផែនដីវិញ នៅថ្ងៃពុធនេះ បើទោះបីជាប្រទេសទាំងពីរ កំពុងមានភាពតានតឹងនឹងគ្នាខ្លាំងយ៉ាងណាក៏ដោយ ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២១។

យានអវកាសរុស្ស៉ី សូយូស (Soyuz) ដែលផ្ទុកអវកាសយានិកអាមេរិក លោក ម៉ាក វែនដេ ហេ (Marck Vande Hei) រួមជាមួយអវកាសយានិករុស្ស៉ី លោក អាន់តុន ស្កាបឡេរ៉ូវ (Anton Shkaplerov) និងលោក ភាតឺ្រ ឌូប្រូវ (Pyotr Dubrov) នឹងត្រូវចាកចេញពីស្ថានីយអវកាស ISS នៅរសៀលនេះ ហើយចុះមកដល់ទីតាំងចុះចត នៅក្បែរមូលដ្ឋានបង្ហោះយានអវកាសរបស់រុស្ស៉ី ក្នុងប្រទេសកាហ្សាក់ស្ថាន នៅវេលាយប់ថ្ងៃដដែលនេះ។

គួរបញ្ជាក់ថា ជើងហោះហើរត្រឡប់មកពីទីអវកាសរួមគ្នាខាងលើ គឺបានស្ថិតក្រោមការតាមដានយកចិត្តទុកដាក់ ក្រោមក្តីកង្វល់ថា ការកើនឡើងនៃភាពតានតឹង រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងមូស្គូ ជុំវិញការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន អាចជះផលប៉ះពាល់អវិជ្ជមានខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរយៈពេលជាយូរមកហើយក្នុងវិស័យអវកាស រវាងអតីតគូប្រជែងសម័យសង្រ្គាមត្រជាក់ទាំងពីរនេះ៕