(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ទីប្រឹក្សារងសន្តិសុខជាតិ ទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) គឺលោក ដាលីប សាញ (Daleep Singh) នឹងធ្វើដំណើរទៅកាន់ទីក្រុងញូដេលី (New Delhi) ប្រទេសឥណ្ឌា ដើម្បីជួបពិភាក្សាជាមួយក្រុមមន្រ្តីរដ្ឋាភិបាលឥណ្ឌា ជុំវិញសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងដើម្បីបង្កើតក្របខណ្ឌសេដ្ឋកិច្ចសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន, លោក Singh នឹងជួបពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយភាគីឥណ្ឌា អំពីផលវិបាកនៃសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយស្វែងយល់មធ្យោបាយកាត់បន្ថយ ផលប៉ះពាល់របស់វាលើសេដ្ឋកិច្ចពិភពលោក។

ថ្លែងក្នុងវេទិកាធុរកិច្ច កាលពីសប្តាហ៍មុន លោក បៃដិន បាននិយាយថា «ក្នុងចំណោមសមាជិក នៃក្រុមប្រទេសក្វាដ (Quad) គឺមានតែឥណ្ឌាទេ ដែលមិនព្រមដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី»។ ដោយសំដៅទៅលើលោក វ្ល៉ាឌីមៀ ពូទីន, លោក បៃដិន ពេលនោះ បានអំពាវនាវឲ្យមានការរួមគ្នាដាក់សម្ពាធថែមទៀត ពីសំណាក់សមាជិកអង្គការ NATO និង ក្នុងតំបន់ប៉ាស៊ីហ្វិក ប្រឆាំងទៅនឹងអ្វីដែលលោកហៅថាជា ការឈ្លានពានលើទឹកដីអ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រជាជាតិនៅអាស៊ីខាងត្បូងមួយនេះ (ឥណ្ឌា) កំពុងព្យាយាមធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី និងប្រទេសលោកខាងលិច មានតុល្យភាព ហើយប្រកាសមិនចូលរួមក្នុងការដាក់ទណ្ឌកម្មប្រឆាំងទីក្រុងមូស្គូឡើយ ដែលផ្ទុយពីសមាជិកដទៃទៀតរបស់ Quad គឺសហរដ្ឋអាមេរិក ជប៉ុន និងអូស្រ្តាលី៕