(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បាននិយាយថា ខ្លួនបានទទួលជោគជ័យជាលើកដំបូងបំផុត ក្នុងការធ្វើតេស្តគ្រាប់រ៉ុក្កែតអវកាស ដែលជាប្រភេទប្រើប្រាស់ឥន្ធនៈរឹង (Solid Fuel) ដោយទីក្រុងសេអ៊ូលអះអាងថា វាជាការបោះជំហានមួយ ដែលនឹងជួយនាំឆ្ពោះទៅរក ការដាក់ពង្រាយបណ្តាញផ្កាយរណបក្នុងទីអវកាស ដើម្បីពង្រឹងការតាមដានចំពោះការគំរាមកំហែងនានា ដូចជាពីសំណាក់កូរ៉េខាងជើងជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

វាគឺជាការធ្វើតេស្តរ៉ុក្កែតប្រភេទ Solid Fuel លើកដំបូងបង្អស់ គិតចាប់តាំងពីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានឯកភាពគ្នាកាលពីឆ្នាំ២០២១ ក្នុងការបិទបញ្ចប់ នូវការរឹតត្បិតរាប់ទសវត្សរ៍ លើការងារអភិវឌ្ឍន៍មីស៉ីលផ្លោង និងគ្រាប់រ៉ុក្កែតអវកាស របស់ប្រទេសកូរ៉េខាងត្បូង ហើយវាកើតឡើង មិនដល់១សប្តាហ៍ឡើយ បន្ទាប់ពីកូរ៉េខាងជើង ទើបតែបានធ្វើតេស្តមីស៉ីលផ្លោងអន្តរទ្វីប ICBM របស់ខ្លួន ដោយពេញលេញ សាជាថ្មី។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការទទួលជោគជ័យនៃការធ្វើតេស្តរ៉ុក្កែតអវកាស ដែលដំណើរការដោយឥន្ធនៈរឹងនេះ គឺជាការបោះជំហានយ៉ាងសំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងពង្រឹងសមត្ថភាពការពារជាតិរបស់យើង ខាងផ្នែកឃ្លាំងមើលនិងឈ្លបការណ៍ ចំពោះមុខវេលាដ៏សំខាន់ជាទីបំផុត» គឺក្រោយការធ្វើតេស្តមីស៉ីល ICBM របស់ទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍កន្លងទៅ។

កាលពីខែតុលា ឆ្នាំ២០២១ កូរ៉េខាងត្បូងបានធ្វើតេស្តលើកដំបូងនៃ គ្រាប់រ៉ុក្កែតអវកាសឈ្មោះ នូរី (Nuri) ដែលជាប្រភេទដំណើរការដោយឥន្ធនៈរាវ (Liquid Fuel)។ រ៉ុក្កែតនោះត្រូវបានបង្ហោះឡើងទៅផុតពីដីតាមផែនការ ប៉ុន្តែបរាជ័យក្នុងការបញ្ជូនផ្កាយរណបសាកល្បង ទៅកាន់គន្លងអវកាស ដែលបានកំណត់ទុក។

គួរបញ្ជាក់ថា ផ្ទុយពីគ្រាប់រ៉ុក្កែតប្រភេទ Liquid Fuel គុណសម្បត្តិរបស់រ៉ុក្កែតប្រភេទ Solid Fuel រួមមានដូចជា មិនសូវស្មុគស្មាញ, ធូរថ្លៃក្នុងការអភិវឌ្ឍនិងផលិត ហើយអាចបាញ់បង្ហោះបានឆាប់រហ័សជាង ជាដើម។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួនគ្រោងប្រើប្រាស់គ្រាប់រ៉ុក្កែតនេះ ដើម្បីដាក់ពង្រាយក្រុមផ្កាយរណបតូចៗ នៅក្នុងទីអវកាស សម្រាប់បម្រើដល់ការងារឃ្លាំមើល សកម្មភាពគំរាមកំហែងផ្សេងៗ ជាពិសេសពីសំណាក់កូរ៉េខាងជើង៕