(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មេរោគអូមីក្រុងទម្រង់ថ្មី ដែលត្រូវបានដាក់ឈ្មោះថា BA.2 កំពុងរាលដាល និងរ៉ាប់រង ៨៦ភាគរយ ក្នុងចំណោមករណីឆ្លង COVID-19 នៅជុំវិញពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

ការរកឃើញមេរោគទម្រង់ថ្មី ដែលបំប្លែងចេញពីប្រភេទអូមីក្រុងនេះ ត្រូវបានរាយការណ៍ជាលើដំបូង កាលពីដើមខែមករា ឆ្នាំ២០២២។ អត្រា ចម្លងនៃមេរោគប្រភេទថ្មីនេះគឺខ្ពស់ជាងជំងឺអូមីក្រុងប្រភេទ BA.1 និង BA.1.1។

បើតាម WHO, ការធ្វើតេស្ត PCR អាចរកឃើញមេរោគ BA.1 ប៉ុន្តែចំពោះលទ្ធផលនៃមេរោគ BA.2 មានក្នុងកម្រិតទាបប៉ុណ្ណោះ លុះត្រាតែ ធ្វើការវិភាគទៅលើមេរោគ BA.1 បន្ថែមទៀត។ ទោះបីជា មេរោគ BA.2 អាចឆ្លងលឿនជាងអូមីក្រុង ប៉ុន្តែបើតាមការសិក្សាផ្សេងទៀត វាគ្មានការវិវន្តន៍ណាមួយក្លាយទៅជាជំងឺធ្ងន់ធ្ងរនៅឡើយទេ។

គួរបញ្ជាក់ថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការកូវីដ១៩ ប្រឆាំងមេរោគអូមីក្រុងទម្រង់ថ្មីនេះ គឺដូចទៅនឹងមេរោគប្រភេទមុនៗដែរ ដោយការការពារ នឹងថយចុះទៅតាមពេលវេលានៃការទទួលបានការចាក់វ៉ាក់សាំង។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារសុខភាពរបស់ចក្រភពអង់គ្លេស, វ៉ាក់សាំងដូសជំរុញអាចជួយការពារពីការចូលសម្រាកក្នុងមន្ទីរពេទ្យនិងការស្លាប់ ដោយសារជំងឺប្រភេទថ្មីនេះ៕