(យូអិន)៖ បេសកជនពិសេសរបស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ លោក ដាយ ពីង (Dai Bing) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថាទណ្ឌកម្ម បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារហិរញ្ញវត្ថុពិភពលោក ហើយនឹងបន្តបង្កើតវិបត្តិមនុស្សធម៌ថ្មីៗ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

លោក Dai Bing បានលើកឡើងយ៉ាងដូចច្នេះថា «ទណ្ឌកម្មដែលមិនធ្លាប់មាន និងចេះតែកើនឡើងដោយមិនរើសអើង បានប៉ះពាល់ដល់ទីផ្សារថាមពល, អាហារ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោក ហើយស្ថានភាពដែលនឹងបន្តដូច្នេះធ្វើឱ្យប៉ះពាល់ដល់ជីវិត និងជីវភាពរស់នៅរបស់សាធារណជនទូទៅ ព្រមទាំងបង្កើតជាវិបត្តិមនុស្សធម៌ថ្មីៗថែមទៀត»

លោកបន្ថែមថា «ប្រទេសកំពុងអភិវឌ្ឍន៍ដែលជាចំណែកភាគច្រើននៃពិភពលោក ហើយមិនមែនជាភាគីនៃជម្លោះនេះ ក៏ត្រូវបានទាញចូលទៅ ក្នុងការប្រឈមមុខដាក់គ្នា និងបង្ខំឱ្យទទួលរងនូវផលវិបាក នៃការប៉ះទង្គិចគ្នាខាងភូមិសាស្ត្រនយោបាយ និងការប៉ះទង្គិចគ្នារវាងមហាអំណាចធំៗ»

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR), ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលបានអូសបន្លាយ រយៈពេលជាង១ខែមកនេះ នាំឲ្យប្រជាជនច្រើនជាង៣.៨លាននាក់ បានភៀសខ្លួនចេញពីសង្រ្គាម ទៅកាន់ប្រទេសជិតខាង៕