(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះបានបំភ្លឺថាកងទ័ពអាមេរិកក្នុងប្រទេសប៉ូឡូញ បាន និងកំពុងធ្វើ ការទំនាក់ទំនងជាមួយកងទ័ពអ៊ុយក្រែននៅក្នុងពេលប្រគល់អាវុធឱ្យពួកគេតែប៉ុណ្ណោះ ដោយមិនមានការបណ្តុះបណ្តាលយោធាណាមូនោះទេ បន្ទាប់ពី ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ចូ បៃដិន លើបញ្ហានេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃឺប៊ី (John Kirby) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «វាមិនដូចអ្វីដែលមនុស្សជាច្រើន បានគិតថា កងទ័ពអាមេរិកកំពុងផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពអ៊ុយក្រែន ក្នុងប្រទេសប៉ូឡូញនោះទេ, ខ្ញុំសូមនិយាយថាវាគ្រាន់តែជាការទាក់ទងគ្នាក្នុងពេលប្រគល់ អាវុធប៉ុណ្ណោះ»។ ការបំភ្លឺធ្វើឡើងនេះ ក្រោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានប្រាប់អ្នកសារព័ត៌មានថាកំលុង បំពេញទស្សនកិច្ចនៅប៉ូឡូញកាលពីសប្ដាហ៍មុន លោកបានជួបពិភាក្សាជាមួយកងទ័ពអាមេរិក ដែលបានជួយបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែន ក្នុងប្រទេសប៉ូឡូញ។

ទោះយ៉ាងណាលោក ឃឺប៊ី មិនបានផ្តល់ព័ត៌មានលម្អិតពីការទាក់ទំនងគ្នានៅលើទឹកដីប៉ូឡូញរវាងកងទ័ពអាមេរិក និងអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិក ព្យាយាមបញ្ចៀសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសមកពីជុំវិញទ្វីបអឺរ៉ុប បានកំណត់ការគាំទ្រផ្នែកយោធារបស់ពួកគេយ៉ាងល្អិតល្អន់ ចំពោះការចែករំលែក ព័ត៌មានសម្ងាត់ និងការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់កងកម្លាំងអ៊ុយក្រែន ដែលមានរួមទាំងប្រព័ន្ធប្រឆាំងយន្តហោះ និងរថក្រោះ។ កន្លងមក សហរដ្ឋអាមេរិក បានដកគ្រូបង្គោលយោធារបស់ខ្លួន ចេញពីភាគខាងលិចអ៊ុយក្រែន មុនពេលការវាយប្រហាររបស់រុស្ស៊ី ហើយកន្លែងហ្វឹកហាត់ដែលពួកគេធ្លាប់ធ្វើ ប្រតិបត្តិការពីមុននៅជិតទីក្រុង Lviv ក៏បានរងនូវការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ដោយមីស៊ីលបាញ់តាមអាកាសរបស់រុស្ស៊ីកាលពីដើមខែនេះ៕