(រីយ៉ាដ)៖ ក្រុមចម្រុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយក្រុមឧទ្ទាមហ៊ូទី មានអ៉ីរ៉ង់ជាខ្នងបង្អែក នៅក្នុងប្រទេសយេមែន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា ខ្លួននឹងផ្អាកប្រតិបត្តិការយោធាជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃពុធសប្ដាហ៍នេះតទៅ បន្ទាប់ពីមានការអំពាវឱ្យមាន បទឈប់បាញ់មួយពីសំណាក់អង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

អង្គការសហប្រជាជាតិ បាន និងកំពុងធ្វើកិច្ចសហប្រតិបតិ្តការជាមួយក្រុមចម្រុះអារ៉ាប់ រួមទាំងក្រុមឧទ្ទាមហ៊ូទី ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ សង្រ្គាមក្នុងប្រទេសយេមែន ដែលបានផ្ទុះឡើងចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ ក៏ដូចជាស្ដារស្ថានភាពមនុស្សធម៌ក្នុងប្រទេសឡើងវិញ ខណៈប្រជាជនយេមែនរាប់សែននាក់កំពុងប្រឈមមុខនឹងគ្រោះទុរភិក្ស។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA អ្នកនាំពាក្យក្រុមចម្រុះអារ៉ាប់ លោក តួរគី អាល់ម៉ាល់គី (Turki al-Malki) បានបញ្ជាក់ដូច្នេះថា «កងកម្លាំងទីបញ្ជាការរួមនៃក្រុមចម្រុះបានប្រកាសផ្អាកប្រតិបត្តិការយោធា នៅក្នុងប្រទេសយេមែន ដោយចាប់អនុវត្តនៅម៉ោង ៦ព្រឹកថ្ងៃពុធសប្ដាហ៍នេះតទៅ»។

ប៉ុន្តែ ជាការឆ្លើយតប, មេដឹកនាំក្រុមឧទ្ទាមហ៊ូទី លោក មហាំម៉ាត់ អាល់ប៊ូកៃទី (Mohammed al-Bukaiti) បានសង្កត់ធ្ងន់ថាប្រសិនក្រុមចម្រុះអារ៉ាប់ មិនព្រមដកការឡោមព័ទ្ធរបស់ខ្លួនលើយេមែនទេ នោះការប្រកាសផ្អាកប្រតិបត្តិការយោធាគឺគ្មានន័យអ្វីឡើយ។

គួរបញ្ជាក់ថា ការសម្រេចចិត្តផ្អាកប្រតិបត្តិការយោធារបស់ក្រុមចម្រុះអារ៉ាប់ កើតមានឡើង បន្ទាប់ពីមានការអំពាវឱ្យមានបទឈប់បាញ់មួយពី អង្គការសហប្រជាជាតិ កំលុងខែរ៉ាម៉ាដនដ៏ពិសិដ្ឋ (ខែតមអាហារ) សម្រាប់ជនមូស្លីមនឹងចូលមកដល់នៅចុងសប្ដាហ៍នេះ និងដើម្បីអនុញ្ញាតឱ្យកប៉ាល់ ដឹកប្រេងឥន្ធនៈអាចចូលសំចតនៅឯកំពុងផែ ហូដៃដាស់ (Hodeidah) ព្រមទាំងយន្ដហោះមួយចំនួនតូចអាចធ្វើប្រតិបត្តិការហោះហើរពាណិជ្ជកម្ម នៅឯអាកាសយានដ្ឋានសាណា៕