(វ៉ាស៊ីនតោន)៖ ជំនួបរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងធ្វើទៅបាន លុះត្រាតែរុស្ស៊ី អនុវត្តតាមពាក្យសន្យាក្នុងការបន្ធូរបន្ថយជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមនាយកទំនាក់ទំនងសេតវិមាន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

លោកស្រី ខេត បេឌីងហ្វៀល (Kate Bedingfield) ធ្វើការកត់សម្គាល់ខាងលើ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះ និងបន្ទាប់ពីរុស្ស៊ី បានសន្យាថានឹងការបន្ថយសកម្មភាពយោធានៅជុំវិញរដ្ឋធានីកៀវ (Kyiv) និងទីក្រុងឆែរនីហៀវ (Chernihiv)។ ថ្លែងនាឱកាសនោះ លោកស្រី បានបញ្ជាក់ដូច្នេះថា «គាត់ (លោក បៃដិន) កាលពីម្សិលមិញ (ថ្ងៃចន្ទ) បាននិយាយថាលោកមានបំណងជួបជាមួយលោក ពូទីនជាថ្មី ឬក៏និយាយ ទៅកាន់គាត់។ ប៉ុន្តែ ខ្ញុំមិនអាចកំណត់លក្ខខណ្ឌទុកជាមុនសម្រាប់កិច្ចសន្ទនារវាងលោក បៃដិន និងលោក ពូទីននោះទេ លើកលែងតែរុស្ស៊ីពិតជា បន្ធូរបន្ថយជម្លោះ និងមានការប្ដេជ្ញាចិត្តចំពោះការទូតពិតប្រាកដ»។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ចូ បៃដិន បាននិយាយថាជំនួបទល់មុខជាមួយលោក ពូទីន អាចនឹងធ្វើទៅរួច តែលោកនៅតែ មានការសង្ស័យនៅឡើយចំពោះការសន្យាកាត់បន្ថយសកម្មភាពយោធារបស់រុស្ស៊ី៕