(វ៉ាស៊ីនតោន)៖ មន្ត្រីការទូតជាន់ខ្ពស់មកពីប្រទេសចិន, សហរដ្ឋអាមេរិក, រុស្ស៊ី និងប៉ាគីស្ថាន នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំមួយក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាពីស្ថានភាពនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមក្រសួងការបរទេសចិន និងអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

ជុំវិញជំនួបខាងលើនេះដែរ អ្នកនាំពាក្យម្នាក់មកពីក្រសួងការបរទេសអាមេរិក បានឱ្យដឹងថាទីក្រុងវ៉ាស៊ីនតោនបានទទួលដំណឹងថាចិនបានអញ្ជើញ អ្នកតំណាងរដ្ឋាភិបាលតាលីបង់ឱ្យចូលរួមក្នុងកិច្ចប្រជុំដែលនឹងរៀបចំឡើងក្នុងទីក្រុងទុនហ្ស៊ី (Tunxi)។ ដោយឡែក បើតាមក្រសួងការបរទេសចិន វិញ ប្រេសិតពិសេសចិនទទួលបន្ទុកកិច្ចការអាហ្វហ្កានីស្ថាន លោក យូ សៀវយ៉ុង (Yue Xiaoyong) នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិភាក្សាដែល មានឈ្មោះថា (Extended Troika) ឬជាកិច្ចចរចារវាងមហាអំណាចចំនួន៣ បូកប៉ាគីស្ថាន។

គួរបញ្ជាក់ថា កិច្ចពិភាក្សានេះកើតមានឡើង នៅចំពេលពិភពលោកកំពុងផ្ដោតលើសង្រ្គាមនៅអ៊ុយក្រែន ហើយអាហ្វហ្កានីស្ថានកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ បង្កឡើងដោយសារការកាត់ផ្ដាច់ និងបង្កកហិរញ្ញវត្ថុ បន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាច នៅអាហ្វហ្កានីស្ថានកាលពីខែសីហា ឆ្នាំ២០២១៕