(មូស្គូ)៖ យោធារុស្ស៊ីបាននិយាយថា ខ្លួននឹងកាត់បន្ថយជាមូលដ្ឋាន នៃប្រតិបត្តិការយោធាក្បែរទីក្រុងកៀវ និង Chernihiv របស់អ៊ុយក្រែន ដើម្បីបង្កើនការជឿទុកចិត្ត នៅក្នុងកិច្ចចរចារវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sky News នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

សេចក្តីសម្រេចនេះ ហាក់ដូចជាការសម្បទានដ៏សំខាន់ដំបូងគេដែលរុស្ស៊ីបានធ្វើ ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី ២៤ខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនច្បាស់ថា តើកងកម្លាំងរបស់ លោក វ្ល៉ាឌីមៀ ពូទីន នឹងអនុវត្តការសម្រេចនេះដែរឬទេ បន្ទាប់ពីបានបំពានម្តងហើយម្តងទៀតលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីខែមុន។

នៅក្នុងការអត្ថាធិប្បាយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Ria Novosti អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Alexander Fomin បាននិយាយថា ការសម្រេចចិត្តនេះនឹងជួយសម្រេចបាននូវ «គោលដៅចុងក្រោយ» នៃកិច្ចព្រមព្រៀងសន្តិភាពរវាងភាគីទាំងពីរ។

គួរបញ្ជាក់ថា សេចក្តីប្រកាសនេះវាកើតឡើងបន្ទាប់ពីក្រុមមន្ត្រីអ៊ុយក្រែន និងរុស្ស៊ីបានបើកកិច្ចចរចាសន្តិភាពជាថ្មី នៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគីនៅថ្ងៃអង្គារនេះ ក្នុងគោលបំណងធានាការបញ្ចប់ការប្រយុទ្ធគ្នាដែលកំពុងកើតឡើង៕