(មូស្គូ)៖ គណៈកម្មការអឺរ៉ុបប្រកាសច្រានចោលការទាមទាររបស់រុស្សី ក្នុងការទូទាត់ថ្លៃទិញឧស្ម័នធម្មជាតិជាប្រាក់រូបរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

ការបដិសេធរបស់ប្លុកនេះធ្វើឡើងបន្ទាប់ពីការប្រកាសស្រដៀងគ្នាដោយប្រទេស G7 កាលពីថ្ងៃចន្ទ។

រដ្ឋមន្ត្រីថាមពលអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមប្រទេសសេដ្ឋកិច្ចធំទាំងប្រាំពីរ G7 បានឯកភាពគ្នាថា បដិសេធការទាមទាររបស់ទីក្រុងម៉ូស្គូចំពោះការទូទាត់សម្រាប់ការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ីជាប្រាក់រូបរុស្ស៊ី។

លោក Robert Habeck បានប្រាប់អ្នកយកព័ត៌មានថា «រដ្ឋមន្ត្រី G7 ទាំងអស់បានយល់ព្រមទាំងស្រុងនោះថា វានឹងជាការបំពានជាឯកតោភាគី និងច្បាស់លាស់លើកិច្ចសន្យាដែលមានស្រាប់ សម្រាប់ការនាំចូលឧស្ម័នធម្មជាតិ ដែលត្រូវបានប្រើសម្រាប់កំដៅផ្ទះ បង្កើតអគ្គិសនី និងឧស្សាហកម្មថាមពល»

លោកបាននិយាយថា មន្ត្រីមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកាណាដា បានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីសម្របសម្រួលលើបញ្ហានេះ ហើយតំណាងសហភាពអឺរ៉ុបក៏បានចូលរួមផងដែរ។

រដ្ឋមន្ត្រីថាមពលអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា «ការទូទាត់ជាប្រាក់រូបរុស្ស៊ី គឺមិនអាចទទួលយកបានទេ ហើយយើងនឹងជំរុញឱ្យក្រុមហ៊ុនដែលរងផលប៉ះពាល់កុំធ្វើតាមការទាមទាររបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ពូទីន បានប្រកាសថា រុស្ស៊ីនឹងទាមទារឲ្យប្រទេសមិនត្រូវរូវនឹងខ្លួន ទូទាត់ថ្លៃទិញឧស្ម័នធម្មជាតិតែក្នុងរូបិយប័ណ្ណរុស្ស៊ីតែប៉ុណ្ណោះ៕