(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នៅថ្ងៃចន្ទសប្ដាហ៍នេះបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅឯមន្ទីរបញ្ចេកោណជាទីដែលអ្នកទាំង២ បញ្ជាក់ជាថ្មីពីទំនាក់ទំនងការពារជាតិទ្វេភាគីយ៉ាងរឹងមាំ និងទទួលស្គាល់តួនាទីរបស់សិង្ហបុរី ក្នុងនាមជាដៃគូកិច្ចសហប្រតិបត្តិការសន្តិសុខដ៏ធំមួយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

បើតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរី, លោក លី សៀនឡុង និងលោក អូស្ទីន បានពិភាក្សាគ្នា កិច្ចសហប្រតិបត្តិការការពារជាតិលើវិស័យជាច្រើនដូចជា អ៉ិនធើណិត, បញ្ញាសម្បនិម្មិត និងការបណ្ដុះបណ្ដាលរួម ព្រមទាំងឯកភាពគ្នាលើសារៈសំខាន់ នៃការចូលរួមជាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី ក៏ដូចជាផ្លាស់ប្ដូរយោបល់គ្នាពាក់ព័ន្ធនឹងស្ថានការណ៍អន្តរជាតិ និងថ្នាក់តំបន់ ជាពិសេសគឺសង្រ្គាមនៅអ៊ុយក្រែនតែម្ដង។

លោក លី សៀនឡុង កំពុងស្ថិតនៅក្នុងសហរដ្ឋអាមេរិក សម្រាប់ការបំពេញទស្សនកិច្ចរយៈពេល ៧ថ្ងៃ ជាលើកដំបូងនៅក្រោមរដ្ឋបាល លោកប្រធានាធិបតី ចូ បៃដិន។ លោក លី បានធ្វើដំណើរទៅដល់មន្ទីរបញ្ចកោណ កាលពីរសៀលថ្ងៃចន្ទ (ម៉ោងនៅវ៉ាស៊ីនតោន) មុននឹងត្រូវជួបជាមួយ លោក បៃដិន ហើយលោកក៏បានថ្លែងសុន្ទរកថាមុនជំនួបជាមួយលោក អូស្ទីន ផងដែរ។ ថ្លែងនាឱកាសនោះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក និងសិង្ហបុរីមានទំនាក់ទំនងទ្វេភាគីខាងវិស័យការពារជាតិនឹងគ្នាយ៉ាងល្អឥតខ្ចោះ និងជាយូរអង្វែងមកហើយ ដែលជាធាតុផ្សំមួយយ៉ាងសំខាន់សម្រាប់ ភាពជាដៃគូដ៏រឹងមាំរវាងប្រទេសទាំង២»

គួរបញ្ជាក់ថា បើតាមលោក លី សៀនឡុង សិង្ហបុរីជឿវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកពិតជាមានសារៈសំខាន់ ចំពោះសន្តិភាព ជានិរន្តរ, ស្ថិរភាព និងភាពរីកចម្រើន នៅក្នុងតំបន់ទាំងមូល ហើយសិង្ហបុរីនឹងបន្តគាំទ្រវត្តមានយោធាអាមេរិកនៅក្នុងតំបន់អាស៊ី៕