(អូតាវ៉ា)៖ រដ្ឋាភិបាលកាណាដាកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសពីការសម្រេចចិត្តជ្រើសរើសទិញយន្តហោះចម្បាំង F-35 ពីក្រុមហ៊ុនអាមេរិក ឡុកឃីដ ម៉ាទីន (Lockheed Martin)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ABC News នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

កាណាដាគ្រោងទិញ យន្តហោះចម្បាំងថ្មីៗចំនួន ៨៨គ្រឿង ដើម្បីយកមកប្រើជំនួស យន្តហោះចម្បាំង F-18 បច្ចុប្បន្នរបស់ខ្លួន។ រដ្ឋាភិបាលកាណាដាបានត្រៀមថវិកាប្រមាណ ១៥ពាន់លានដុល្លារអាមេរិក សម្រាប់ការទិញយន្តហោះចម្បាំងនេះ។ រដ្ឋាភិបាល កាណាដាបានបន្ថែមថា ពេលវេលាសម្រាប់ប្រគល់យន្តហោះ១គ្រឿងដំបូង នឹងត្រូវកំណត់ឱ្យប្រព្រឹត្តទៅនៅខ្ទង់ឆ្នាំ២០២៥ ប្រសិន បើតាមការព្រមព្រៀងទិញយន្តហោះ F-35 ត្រូវសម្រេចបាន។

គួរបញ្ជាក់ថា ប្រសិនបើមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Lockheed Martin ទេនោះ កាណាដាមានជម្រើស ដើម្បីបើកការចរចាជាមួយក្រុមហ៊ុនស៊ុយអែត សាអាប់ (Saab) ដើម្បីទិញយន្តហោះចម្បាំង ហ្រ្គីភែន (Gripen) ដែលជាជម្រើសទី២ បន្ទាប់ពីយន្តហោះចម្បាំង F-35។ តាមពិតទៅ មុនពេលក្លាយជានាយករដ្ឋមន្រ្តី លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ធ្លាប់បាន សន្យាថា កាណាដានឹងមិនទិញយន្តហោះ F-35 ឡើយ៕