(ប៉េកាំង)៖ កាលពីថ្ងៃទី២៧ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Joe Biden ប្រធានាធិបតីអាមេរិក បានបញ្ចប់ទស្សនកិច្ច អស់រយៈពេលបីថ្ងៃនៅអឺរ៉ុប ហើយត្រឡប់ទៅក្រុងវ៉ាស៊ីនតោនវិញ។ «ក្រៅពីបង្កើនការដាក់ទណ្ឌកម្ម និងបន្ថែមការផ្គត់ផ្គង់អាវុធ លោក Joe Biden មិនបានផ្តល់ចម្លើយជាក់ស្តែងណាមួយអំពីបញ្ហាថា តើត្រូវបញ្ចប់វិបត្តិអ៊ុយក្រែនតាមរបៀបណា។» វេបសាយ Politico របស់សហរដ្ឋអាមេរិក បានវាយតម្លៃដូចពោលខាងលើនេះ។

ពេលចូលរួមកិច្ចប្រជុំកំពូលបីលើកនៃ អង្គការណាតូ ប្រទេស G7 និងសហភាពអឺរ៉ុប ភាគីអាមេរិកបានលើកឡើង គំនិតផ្តួចផ្តើមមួយចំនួន អំពីវិស័យដូចជាសន្តិសុខថាមពល និងយោធាជាដើម ដើម្បីអូសទាញឱ្យសម្ព័ន្ធមិត្តអឺរ៉ុប ទប់ទល់នឹងរុស្ស៊ីជាមួយគ្នា។ ប៉ុន្តែ បើគិតពិចារណាយ៉ាងលម្អិត ចំពោះគំនិតផ្តួចផ្តើមទាំងនេះ សំខាន់គឺដើម្បីគាំពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អាមេរិក តែមិនអាចដោះស្រាយបញ្ហាបន្ទាន់របស់អឺរ៉ុបនោះទេ គ្រាន់តែនឹងជំរុញឱ្យវិបត្តិអ៊ុយក្រែន កាន់តែមានភាពតានតឹងបន្ថែមទៀត ប្រៀបដូចជាយកសាំងមកចាក់លើភ្លើង។

អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ ពេលមេដឹកនាំអាមេរិកថ្លែងសុន្ទរកថានៅក្រុង Warsaw រដ្ឋធានីប៉ូឡូញ ស្រាប់តែអះអាងថា លោកភូទីន «មិនអាចបន្តកាន់អំណាច» នោះទេ ដែលនាំឱ្យសហគមន៍អន្តរជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តែបន្ទាប់មក មន្ត្រីមួយរូបនៃសេតវិមានបានពន្យល់ថា ពាក្យសម្តីនេះគឺមិនតំណាងឱ្យ ការផ្លាស់ប្តូរនៃគោលនយោបាយចំពោះរុស្ស៊ី នៃក្រុងវ៉ាស៊ីនតោនទេ ហើយក៏មិនគាំទ្រការផ្លាស់ប្តូររដ្ឋអំណាចរបស់រុស្ស៊ីនោះដែរ ។

ពិតមែនតែរដ្ឋាភិបាលអាមេរិកចេញមុខ «កែតម្រូវ» ក៏ដោយ ក៏ប៉ុន្តែ «ពាក្យសម្តីមិនសមរម្យ» របស់លោក Joe Biden បានលាតត្រដាងថែមមួយកម្រិតទៀត ពីឧបាយកលដ៏ពិតប្រាកដរបស់ក្រុងវ៉ាស៊ីនតោន ពោលគឺឆ្លៀតឱកាសវិបត្តិអ៊ុយក្រែន ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់រុស្ស៊ី។ ប៉ុន្តែការបង្ករឿងហេតុដោយចំហចំពោះមេដឹកនាំរុស្ស៊ី គឺនាំឱ្យមនុស្សគិតដល់ឧបាយកល របស់សហរដ្ឋអាមេរិកដែលធ្វើ «បដិវត្តន៍ពណ៌» នៅតំបន់ផ្សេងទៀតលើពិភពលោក។

លើកនេះ អឺរ៉ុបមានភាពប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងនេះ។ ឧទាហរណ៍ដូចជា លោក Emmanuel Macron ប្រធានាធិបតីបារាំងបានគូសបញ្ជាក់ថា គោលដៅរបស់បារាំងគឺសម្រេចបា ននូវការឈប់បាញ់និងដកទ័ពចេញ តាមរយៈមធ្យោបាយការទូត លោកបានថ្លែងថា «យើងមិនត្រូវធ្វើឱ្យរឿងនេះឡើងកម្ដៅ មិនថាការប្រើពាក្យសម្តី ឬក៏ការចាត់ប្រតិបត្តិការក្តី»។

អាកប្បកិរិយារបស់លោក Emmanuel Macron បានបង្ហាញពីការដែលសហរដ្ឋអាមេរិកនិងអឺរ៉ុប មានការខ្វែងគំនិតយ៉ាងខ្លាំង ក្នុងការដោះស្រាយ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន។ សហរដ្ឋអាមេរិក គឺចង់ឱ្យការប្រយុទ្ធបន្តទៅទៀត ដើម្បីរង់ចាំទទួលបានផលប្រយោជន៍។ ចំណែកអឺរ៉ុបវិញគឺរំពឹងទុកឱ្យភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែន ឈប់បាញ់គ្នាក្នុងពេលឆាប់ៗ ដើម្បីមានសន្តិភាពនិងស្ថិរភាពឡើងវិញ។ ពេលកម្លាំងទាំងពីរមានគោលដៅមិនដូចគ្នាទាំងស្រុង មិនថាពួកគេមើលទៅ មានសាមគ្គីភាពយ៉ាងណាក៏ដោយ ក៏មិនអាចដោះស្រាយការបែកបាក់និងវិវាទផ្ទៃក្នុងបានឡើយ។

បើចង់សម្រេចភាពម្ចាស់ការខាងយុទ្ធសាស្ត្រ នោះ សហភាពអឺរ៉ុបគួរតែខិតខំប្រឹងប្រែងចៀសវាង កុំឱ្យសហរដ្ឋអាមេរិកអូសទាញចូល ក្នុងសភាពគ្រោះថ្នាក់ ហើយក៏មិនត្រូវធ្វើតាមសហរដ្ឋអាមេរិក ដែលអនុវត្តការដាក់ទណ្ឌកម្ម ដោយឯកតោភាគីនោះដែរ។ និយាយចំពោះអឺរ៉ុប សន្តិសុខដ៏ពិតប្រាកដគឺមកពីការបង្កើតប្រព័ន្ធសន្តិសុខក្នុងតំបន់ ដែលប្រកបដោយតុល្យភាព ប្រសិទ្ធភាពនិងនិរន្តរភាព តែគឺមិនមែនគូសកំណត់ជាថ្មីឡើងវិញ នូវខ្សែបន្ទាត់បដិបក្ខគ្នារវាងប៉ែកខាងកើត និងខាងលិចនោះទេ។ លើកនេះ អឺរ៉ុបដែលតែងតែត្រូវសហរដ្ឋអាមេរិក ទម្លាក់កំហុសនោះមិនត្រូវធ្វើតាមអាមេរិកម្តងទៀតឡើយ៕