(វ៉ាស៉ីនតោន)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើសុំការអនុម័តកញ្ចប់ថវិកាទំហំ ៨១៣ពាន់លានដុល្លារពីសភា ដើម្បីយកទៅប្រើប្រាស់ក្នុងក្រសួងការពារជាតិ និងសម្រាប់កម្មវិធីផ្សេងៗទៀត ពាក់ព័ន្ធនឹងវិស័យការពារជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

កញ្ចប់ថវិកាខាងលើសម្រាប់ឆ្នាំសារពើពន្ធ២០២៣ គឺមានទំហំលើសពីកញ្ចប់ថវិកាការពារជាតិ ដែលសភាអាមេរិកបានអនុម័ត សម្រាប់ឆ្នាំសារពើពន្ធ២០២២នេះ ចំនួន៣០ពាន់លានដុល្លារ ហើយក្នុងនោះ ៧៧៣ពាន់លានដុល្លារ នឹងត្រូវបែងចែកសម្រាប់មន្ទីរបញ្ចកោណ។

សេតវិមានបានស្នើសុំថវិកា៥៦.៥ពាន់លានដុល្លារ សម្រាប់ផ្នែកកងទ័ពអាកាស, ៤០.៨ពាន់លានដុល្លារ សម្រាប់ផ្នែកកងទ័ពជើងទឹក, ១២.៦ពាន់លានដុល្លារ សម្រាប់ផ្នែកកងទ័ពជើងគោកនិងកងម៉ារីន ព្រមទាំង៣៣.៤ពាន់លានដុល្លារ សម្រាប់ធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ, ២៤.៧ពាន់លានដុល្លារ សម្រាប់កម្មវិធីប្រព័ន្ធការពារមីស៉ីល, និង២៧.៦ពាន់លានដុល្លារ សម្រាប់ប្រព័ន្ធប្រកាសអាសន្ន និងតាមដានមីស៉ីលពីទីអវកាស ក៏ដូចជាការនាំយកបរិក្ខាយោធាឡើងទីអវកាស។ រីឯការងារសិក្សាស្រាវជ្រាវ និងអភិវឌ្ឍនៃវិស័យការពារជាតិ ក៏នឹងទទួលបាន១៣០ពាន់លានដុល្លារ ផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ជាប្រទេសដែលចំណាយថវិកាច្រើនដាច់គេ ក្នុងមួយឆ្នាំៗ ទៅលើវិស័យការពារជាតិរបស់ខ្លួន ហើយសូម្បីតែបណ្តាប្រទេសនៅចំណាត់ថ្នាក់៩បន្ទាប់ទៀត បូកថវិកាការពារជាតិរបស់ពួកគេបញ្ចូលគ្នា ក៏មិនទាន់ស្មើដែរ៕