(អ៊ីស្តង់ប៊ុល)៖ ក្រុមមន្រ្តីចរចារបស់រុស្ស៉ីនិងអ៊ុយក្រែន នៅថ្ងៃអង្គារនេះបានចាប់ផ្តើមកិច្ចចរចារបស់ពួកគេ នៅក្នុងទីក្រុងអ៉ីស្តង់ប៊ុល នៃប្រទេសតួកគី ខណៈប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្គាន់ (Tayyip Erdogan) បានបង្ហាញក្តីរំពឹងថា ជំនួបនេះនឹងអាចជួយ ត្រួសត្រាយផ្លូវឲ្យ ដើម្បីឈានទៅរកការជួបមុខគ្នា រវាងមេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែន ដោយសារវាដល់ពេលហើយ ដែលត្រូវសម្រេចឱ្យបានលទ្ធផលរឹងមាំជាក់ស្តែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមីនា ២០២២។

ក្នុងសុន្ទរកថាថ្លែងទៅកាន់ ក្រុមអ្នកចរចារុស្ស៉ី-អ៊ុយក្រែន មុនការចាប់ផ្តើមកិច្ចពិភាក្សាទល់មុខគ្នាផ្ទាល់ លើកដំបូងរបស់ភាគីទាំងពីរ ក្នុងកំលុងពេលជាង២សប្តាហ៍មកនេះ លោកប្រធានាធិបតីតួកគី បានអំពាវនាវឲ្យមាន បទឈប់បាញ់ជាបន្ទាន់ ចំពោះមុខសង្រ្គាមដែលបានកើតឡើង តាំងពីកាលពីជាង១ខែមុន។ លោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ដើម្បីអាចបញ្ឈប់សោធនាដកម្មនេះបាន គឺអាស្រ័យលើភាគីទាំង២, ការសម្រេចបាននូវបទឈប់បាញ់និងសន្តិភាព ឲ្យបានឆាប់តាមដែរអាចធ្វើទៅបាន គឺជាប្រយោជន៍សម្រាប់មនុស្សគ្រប់រូប។ ឥលូវនេះយើងបានឈានដល់ ដំណាក់កាលមួយដែលត្រូវការលទ្ធផលជាក់ស្តែង»

គួរបញ្ជាក់ថា បើតាមការ ឱ្យដឹងរបស់រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីឌ្រី គូឡេបា(Dmytro Kuleba) កាលពីថ្ងៃចន្ទ គោលដៅធំបំផុតរបស់អ៊ុយក្រែន ក្នុងកិច្ចចរចានៅពេលនេះ គឺចង់ឲ្យមានការឯកភាពគ្នាលើបទឈប់បាញ់។ ដោយឡែក បើតាមមន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ បានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហាក់មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការស្រុះស្រួលគ្នា ដើម្បីបញ្ចប់សង្រ្គាមនៅឡើយទេ៕