(ស៉ីដនី)៖ តំបន់ភាគខាងកើតប្រទេសអូស្រ្តាលី នៅដើមសប្តាហ៍នេះ បាននិងកំពុងទទួលរងការធ្លាក់ភ្លៀងខ្លាំងជោគជាំ ដែលជាហេតុនាំឱ្យអាជ្ញាធរចេញសេចក្តីណែនាំ ប្រាប់ឱ្យប្រជាជនរាប់ពាន់នាក់ធ្វើការជម្លៀសខ្លួនជាលើកទីពីរ ក្នុងខែមីនានេះ ខណៈស្ថានភាពអាកាសធាតុ អាចនឹងនៅតែបន្តបែបនេះ រហូតដល់ថ្ងៃពុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។

ក្រុងមួយចំនួននៅរដ្ឋញូសោតវែល (New South Wales) និងរដ្ឋឃ្វីនលែន (Queensland) របស់អូស្រ្តាលី បច្ចុប្បន្នកំពុងនៅបន្តព្យាយាមធ្វើការស្តារឡើងវិញនៅឡើយទេ ក្រោយរងគ្រោះទឹកជំនន់ដ៏អាក្រក់ កាលពីពេលកន្លងទៅក្នុងខែមីនានេះ ដែលបានផ្តាច់ជីវិតមនុស្ស២១នាក់ ព្រមទាំងបង្កការខូចខាតចំពោះលំនៅឋាន និងអគារជាច្រើនទៀត។

គួរបញ្ជាក់ថា សម្រាប់ការជន់លិចថ្មីចុងក្រោយ មនុស្សចំនួន២នាក់ហើយ បានស្លាប់ ខណៈអគារជាច្រើនខ្នង ដែលកន្លងមកបានជន់លិច ត្រូវគេរំពឹងថានឹងជន់លិចសាជាថ្មី។ ទីភ្នាក់ងារឧតុនិយមអូស្រ្តាលី នៅថ្ងៃអង្គារនេះ បានព្រមានអំពីការកើតមានឡើង នៃគ្រោះទឹកជំនន់ នៅតាមបណ្តោយឆ្នេរភាគខាងជើងនៃរដ្ឋ New South Wales ហើយបានណែនាំឱ្យប្រជាជន ដែលរស់នៅតំបន់ប្រឈមហានិភ័យ ជម្លៀសខ្លួនជាបណ្តោះអាសន្ន ទៅកាន់ទីសុវត្ថិភាព៕